រាជធានីអូស្លូ៖ ក្រោយពេលផ្ដល់ជំនួយ មានទឹកប្រាក់៤៣,៧លានដុល្លារសហរដ្ឋអាមេរិក កាលពីអំឡុងខែមេសា រួចមក ប៉ុន្ដែនៅពេលនេះ រដ្ឋាភិបាលន័រវេស បានផ្តល់កាំភ្លើងផ្លោងស្វ័យប្រវត្ដិ ប្រភេទ M109 ទំហំ១៥៥មិល្លីម៉ែត្រ ចំនួន២២គ្រឿង ជួយអ៊ុយក្រែន សម្រាប់ទប់ទល់នឹងការវាយប្រហារ ពីកម្លាំងទាហានរបស់រុស្ស៊ី។

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ថា ស្របពេលសង្គ្រាម កំពុងតែផ្ទុះឡើង នៅក្នុងតំបន់អឺរ៉ុបខាងកើត រវាងរុស្ស៊ី និង អ៊ុយក្រែន នោះ ន័រវេស បានបញ្ជូនកាំភ្លើងផ្លោង ស្វ័យប្រវត្ដិ ចំនួន២២គ្រឿង ទៅជួយដល់កម្លាំងការពារទឹកដីរបស់ក្រុងគៀវ ដើម្បីទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី។ ក្រៅពីនេះ រាជរដ្ឋាភិបាលក្រុងអូស្លូ ក៏នឹងផ្ដល់សម្ភារ គ្រឿងបន្លាស់ ហើយគ្រាប់រំសេវបន្ថែមទៀត។ ជាមួយគ្នានេះដែរ ន័រវេស ក៏នឹងជួយបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន អំពីរបៀបប្រើប្រាស់គ្រឿងសព្វាវុធទាំងនេះផងដែរ។

លោក ប៊ីចន អារីលដ៍ ហ្គ្រាម (Bjorn Arild Gram) រដ្ឋមន្រ្ដីក្រសួងការពារជាតិន័រវេស បានបញ្ជាក់ថា «បច្ចុប្បន្ន កម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម កំពុងតែពឹងផ្អែក ទៅលើជំនួយពីលោកខាងលិច ហើយកំពុងតែត្រូវការគ្រឿងសព្វាវុធ និង ឧបករណ៍ទាំងនេះយ៉ាងខ្លាំង ដើម្បីការពារទឹកដីរបស់ពួកគេ ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែន បានស្នើសុំកាំភ្លើងផ្លោងប្រភេទនេះ។ ដោយឡែក ការអភិវឌ្ឍន៍នៅក្នុងសង្រ្គាម នៅអ៊ុយក្រែន នាពេលនេះ បានបង្ហាញថា វាជាការចាំបាច់បំផុត នៅក្នុងការផ្ដល់កាំភ្លើងធំ ប្រភេទ M109 ទំហំ១៥៥មិល្លីម៉ែត្រ និង ប្រព័ន្ធអាវុធទាំងនេះ ទៅជួយដល់ពួកគេ»៕