បរទេស៖ ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានដាក់កញ្ចប់ទណ្ឌកម្ម ជាបន្ដបន្ទាប់ប្រឆាំងនឹងក្រុងមូស្គូ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ធ្លាក់ចុះកាន់តែខ្លាំង នៅក្នុងរយៈពេលយូរ។

សារព័ត៌មាន The State បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៩ ខែមិថុនា ថា បើតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្ដរជាតិ ដែលជាក្រុមពាណិជ្ជកម្មធនាគារពិភពលោក បានឱ្យដឹងថា ដោយសារតែរងផលប៉ះពាល់យ៉ាងខ្លាំង ពីកញ្ចប់ដាក់ទណ្ឌកម្មរបស់បស្ចិមលោក និង សម្ពន្ធមិត្ត ចាប់តាំងពីការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន នោះមក សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី នឹងធ្លាក់ចុះ រហូតដល់១៥ភាគរយ នៅឆ្នាំនេះ និង បន្ថែម៣ភាគរយទៀត នៅឆ្នាំ២០២៣ ដោយលុបចោលនូវកំណើនសេដ្ឋកិច្ច រយៈពេល១៥ឆ្នាំ។

ដោយឡែក ការមានលំនឹង នៃប្រាក់រូប្ល៍ ដែលជារូបិយប័ណ្ណរបស់រុស្ស៊ី បានការពារផ្នែកខ្លះ នៃសេដ្ឋកិច្ចរបស់ក្រុងមូស្គូ បញ្ចៀសពីផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទណ្ឌកម្មនេះ។ ការបង្កើនតម្លៃប្រាក់រូប្ល៍ឲ្យថ្លៃ គឺជាការលក់ប្រេង និង ឧស្ម័នធម្មជាតិ ហើយធនាគារកណ្តាលរុស្ស៊ី បានដំឡើងអត្រាការប្រាក់ និង ដាក់ការគ្រប់គ្រងដើមទុន សម្រាប់រក្សាប្រាក់ មិនឱ្យចេញពីប្រទេស។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ នៅសប្តាហ៍នេះ ថា ការអត់ការងារធ្វើ និង អតិផរណា កំពុងតែថយចុះ។ លោកប្រធានាធិបតី តែងតែអះអាង ជាញឹកញាប់ថា រុស្ស៊ីកំពុងតែទទួលបានជោគជ័យ បើទោះជាមានការដាក់ទណ្ឌកម្ម ពីបណ្ដាប្រទេសបស្ចិមលោកយ៉ាងណាក៏ដោយ។

ទោះជាយ៉ាងនេះក្តី វិទ្យាស្ថានហិរញ្ញវត្ថុអន្ដរជាតិ បានអះអាងថា ទណ្ឌកម្មមួយផ្នែក ដោយការលើកទឹកចិត្ត ដល់ក្រុមហ៊ុនបរទេស ឱ្យបោះបង់ចោលប្រទេសរុស្ស៊ី «កំពុងតែដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ធ្វើឱ្យបាត់បង់នូវកំណើនសេដ្ឋកិច្ច ជាងមួយទសវត្សរ៍ ហើយផលវិបាកដ៏ខ្លាំងបំផុតមួយចំនួន ក៏គេនៅតែមិនទាន់ដឹងនៅឡើយ»៕