រដ្ឋធានីហាណូយ៖ មន្រ្ដីជាន់ខ្ពស់វៀតណាម ចំនួន២នាក់ មានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ កិបកេងលុយទិញឧបករណ៍តេស្ដកូវីដ ជាង១៧០លានដុល្លារសហរដ្ឋអាមេរិក ក៏ត្រូវបានបណ្ដេញចេញ ពីសមាជិកភាព នៃគណបក្សកុម្មុយនិស្ដរបស់ប្រទេសអាស៊ានមួយនេះ ហើយនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋថែមទៀតផង។

សារព័ត៌មាន The Strait Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែមិថុនា ថា គណបក្សកុម្មុយនិស្ដវៀតណាម បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសអាស៊ានមួយនេះ និង អភិបាលក្រុងហាណូយ ត្រូវបានដកចេញ ពីសមាជិកភាពរបស់បក្សកុម្មុយនិស្ត។ សកម្មភាពនេះ បានកើតឡើង បន្ទាប់ពីមានការចោទប្រកាន់ថា មន្រ្ដីជាន់ខ្ពស់របស់វៀតណាម ទាំង២នាក់ មានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវកិបកេងលុយ ពីការទិញឧបករណ៍ធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ចំនួន១៧២ លានដុល្លារសហរដ្ឋអាមេរិក។

ការបណ្តេញមន្រ្ដីជាន់ខ្ពស់ ចេញពីតំណែងនេះ បានកើតឡើង ចំពេលប្រទេសកុម្មុយនិស្តមួយនេះ បង្កើននូវការជំរុញប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីមានរឿងអាស្រូវជាមួយក្រុមហ៊ុន Viet A ដោយក្នុងនោះមានទាំងមន្ត្រីត្រូវបានសូកប៉ាន់ ដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ដល់មន្ទីរពេទ្យ នៅក្នុងតម្លៃខ្ពស់ហួសប្រមាណ។

បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋវៀតណាម បានរាយការណ៍ថា លោក ងូយ៉ែន ថាញ់ ឡុង (Nguyen Thanh Long) រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និង លោក ជូ ង៉ុក អាញ់ (Chu Ngoc Anh) អភិបាលរដ្ឋធានីហាណូយ មន្រ្ដីទាំង២នាក់នេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ អំពីការប្រព្រឹត្ដខុសឆ្គង ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Viet A។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ចុះផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ថា «គណៈកម្មាធិការមជ្ឈិមបក្ស បានសម្រេចបណ្ដេញលោក Chu Ngoc Anh និង លោក Nguyen Thanh Long ចេញពីបក្ស។ បច្ចុប្បន្ន មន្រ្ដីទាំង២នាក់នេះ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋ ផងដែរ»។

យន្ដការប្រឆាំងនឹងអំពើពុករលួយកាលពីពេលថ្មីៗរបស់ក្រុងហាណូយ បានអូសទាញដល់មន្រ្ដីសំខាន់ៗមួយចំនួន រួមទាំងលោក ផាន់ កុកវៀត (Phan Quoc Viet) អគ្គនាយកក្រុមហ៊ុន Viet A ផងដែរ។ គាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ ពីបទសូកប៉ាន់មន្ត្រីសុខាភិបាល ឱ្យលក់ឧបករណ៍ធ្វើតេស្ដរបស់ក្រុមហ៊ុន ទៅឲ្យមន្ទីរពេទ្យ និង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ នៅតាមខេត្ត (ហៅកាត់ CDC) នៅក្នុងតម្លៃខ្ពស់ជាងតម្លៃផលិតកម្ម ដោយទទួលបានប្រាក់ ចំនួន ១៧២លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះ ចំនួន៣៤លានដុល្លារ ត្រូវបានចោទប្រកាន់ថា បានស៊ីសំណូកផ្សេងទៀត។

ដោយឡែក មន្រ្ដី CDC នៅតាមខេត្ដជាច្រើនទៀត នឹងត្រូវចាប់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ និង ការយល់ព្រមនៅក្នុងការផលិត និង ប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគរបស់ក្រុមហ៊ុន Viet A៕