រដ្ឋធានីគៀវ៖ ស្របពេល កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រហារ កាន់តែខ្លាំងឡើង ដើម្បីដណ្ដើមកាន់កាប់តំបន់ដុនបាស (Donbas) នោះមក ចក្រភពអង់គ្លេស និង សម្ពន្ធមិត្ដលោកខាងលិច ក៏បានបញ្ជូនគ្រឿងសព្វាវុធ បាញ់ចម្ងាយឆ្ងាយជាបន្ដបន្ទាប់ ទៅជួយដល់ប្រទេសអ៊ុយក្រែន តាមតម្រូវការចង់បានពីក្រុងគៀវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៧ ខែមិថុនា ថា លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡែនស្គី បានអរគុណដល់លោក បូរីស ចនសុន (Boris Johnson ) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ចំពោះការបញ្ជូនគ្រឿងសព្វាវុធបាញ់ចម្ងាយឆ្ងាយ តាមតម្រូវការចង់បានរបស់អ៊ុយក្រែន សម្រាប់ប្រយុទ្ធ នៅក្នុងសង្គ្រាមដ៏ឃោរឃៅរបស់កម្លាំងទាហានរុស្ស៊ី។

ចក្រភពអង់គ្លេស មុនដំបូង បានអះអាងថា នៅក្នុងការសម្របសម្រួលជាមួយនឹងសហរដ្ឋអាមេរិកនោះ អង់គ្លេសនឹងផ្គត់ផ្គង់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ្វូង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ គ្រឿងសព្វាវុធទាំងនោះ អាចបាញ់បាន ក្នុងចម្ងាយ៨០គីឡូម៉ែត្រ ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធា សម្រាប់ក្រុងគៀវ។Ukraine 'asked Britain to buy weapons for 7 years but was repeatedly  refused' | The Independent

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការថ្លែងតាមវីដេអូ ប្រចាំរាត្រីរបស់គាត់ ថា «ខ្ញុំសូមថ្លែងអំណរគុណដល់លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ចំពោះការដឹងយ៉ាងច្បាស់ អំពីតម្រូវការចាំបាច់របស់យើង សម្រាប់ការផ្ដល់គ្រឿងសព្វាវុធពិតប្រាកដ ជួយដល់អ៊ុយក្រែន។ អាវុធទាំងនោះ ជាតម្រូវការយ៉ាងពិតប្រាកដ សម្រាប់ការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើង»។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ថា ចក្រភពអង់គ្លេស បានបញ្ជូនប្រព័ន្ធមីស៊ីល បាញ់ចម្ងាយឆ្ងាយរបស់ខ្លួន ជាលើកដំបូង ទៅកាន់ប្រទេសអ៊ុយក្រែន បើទោះជាមានការព្រមានពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី យ៉ាងណាក្ដី។

លោក ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា ការវាយប្រហារ លើអ៊ុយក្រែន នឹងកើនឡើង ប្រសិនបើបណ្តាប្រទេសលោកខាងលិច មិនបញ្ឈប់នូវផ្គត់ផ្គង់គ្រឿងសព្វាវុធ រយៈចម្ងាយឆ្ងាយ។ ការប្រកាសរបស់ចក្រភពអង់គ្លេស បានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន កំពុងតែផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែត ជួយដល់ប្រទេសអ៊ុយក្រែន។

លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស កំពុងតែផ្គត់ផ្គង់គ្រឿងសព្វាវុធសំខាន់ ជួយដល់ដល់អ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ បញ្ចៀសពីការឈ្លានពានរបស់រុស្ស៊ី ហើយសកម្មភាពបែបនេះ មិនមែនជាការបង្កហេតុនោះឡើយ។ ដោយឡែក កងទ័ពរបស់អ៊ុយក្រែន ក៏នឹងត្រូវទទួលការបណ្ដុះបណ្ដាល អំពីរៀបប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតហ្វូង ប្រភេទ M270 នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះផងដែរ៕Which weapons are the UK and other countries sending to Ukraine? | The  Independent