ប្រទេសថៃ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានដឹងដំណឹងនៃការទទួលមរណៈភាពរបស់តារាស្រី Net Idol ដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា Alice Bambam ដែលបណ្ដាលមកពីការហូបបាយដំណើបជាប់ក ហើយបានស្ទះបំពង់ខ្យល់។ នេះបើយោងតាមការចុះផ្សយរបស់សារព័ត៌មាន Kapook កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។

ក្រោយពីបានទទួលដំណឹងនៃការទទួលមរណៈភាពរបស់តារាស្រី Alice ពិតជាបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅដល់ក្រុមគ្រួសាររបស់នាងដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ម្នាក់ដ៏គួរឱ្យសោកស្តាយ។ ទាក់ទងនឹងការស្លាប់របស់ Alice ផងដែរ លោកស្រី Supicha Allen អាយុ ៥៧ ឆ្នាំ ដែលត្រូវជាម្តាយរបស់ Alice បានបង្ហាញនូវកិច្ចសម្ភាសន៍ទាំងទឹកភ្នែកថា គាត់មានកូនប្រុស ២ នាក់កូនស្រីម្នាក់ ហើយ Alice ជាកូនកណ្តាល ក្នុងនោះនាងជាអ្នកផ្គត់ផ្គង់គ្រួសារហើយធ្វើការច្រើនជាងសម្រាក។ នៅថ្ងៃកើតហេតុ Alice នាងឃ្លានខ្លាំងណាស់ បងប្រុសរបស់គេក៏ចេញទៅទិញបាយដំណើបសាច់ជ្រូកអាំងឲ្យនាងហូប ទន្ទឹមនឹងនោះព្រោះតែឃ្លានខ្លាំងពេក ទើបនាងប្រញាប់ហូបភ្លាមៗ បណ្តាលឱ្យបាយដំណើបដែលមានលក្ខណៈស្អិតជាប់នឹងបំពង់ខ្យល់ រហូតដល់ថប់ដង្ហើម។

ឃើញដូចនោះក្រុមគ្រួសារបានប្រញាប់ប្រញាល់ដឹក Alice ទៅកាន់មន្ទីរពេទ្យ Rama ៩ ក្នុងនោះក្រុមគ្រូពេទ្យក៏បានប្រាប់ថា នាងមានការថប់ដង្ហើមជាច្រើននាទី ដែលបានធ្វើឲ្យនាងសន្លប់បាត់ស្មារតី ខណៈពេលនាងកំពុងដេកក្នុងបន្ទប់ ICU អស់រយៈពេល៣ថ្ងៃ ទើបគ្រូពេទ្យប្រាប់ថានាងបានបាត់បង់ជីវិតហើយ។

ការស្លាប់របស់នាងបានធ្វើឱ្យក្រុមគ្រួសារមានការសោកស្ដាយជាខ្លាំង ព្រមទាំងផ្ដាំផ្ញើទៅកាន់មនុស្សគ្រប់គ្នាសូមមានការប្រុងប្រយ័ត្នជាមួយនឹងអាហារដែរទទួលទាន ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតដូចជាតារាស្រីម្នាក់នេះ៕ ប្រភព៖ Kapook