ប្រទេសចិន៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងពិធីមង្គលការមួយកន្លែងដែលបានធ្វើឱ្យភ្ញៀវនៅក្នុងរោងការមានការស្រឡាំងកាំង ក្រោយពីឃើញកូនក្រមុំរហូតទៅដល់ពីរនាក់ ដោយកូនក្រមុំម្នាក់ទៀតជាអតីតសង្សារចាស់របស់កូនកំលោះដែលបានស្លៀកពាក់ជាកូនក្រមុំបំណងមកបំផ្លាញពិធីការចោល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានKapook។

ហេតុការណ៍នេះផងដែរបានកើតឡើងនៅក្នុងទីក្រុង Baoji ខេត្ត Shaanxi នៃប្រទេសចិន ដោយមានគ្រួសារមួយបានប្រារព្ធពិធីអាពាហ៍ពិពាហ៍យ៉ាងសប្បាយរីករាយ ព្រមទាំងបានអញ្ជើញភ្ញៀវឱ្យមកចូលរួមជាច្រើនកុះករ។ តែអ្វីដែលធ្វើឱ្យភ្ញៀវជាច្រើនមានការស្រឡាំងកាំង និងងើយឆ្ងល់ជាខ្លាំងនោះគឺ ក្នុងពិធីរៀបការនេះបែរជាមានកូនក្រមុំរហូតទៅដល់ពីរនាក់ លើសពីនោះគេសង្កេតឃើញកូនក្រមុំម្នាក់ទៀតនោះកំពុងតែព្យាយាមបំផ្លាញពិធីមង្គលការចោល ដោយនាងបានគោះតុនិងស្រែកខ្លាំងៗថា “បើខ្ញុំមកថ្ងៃនេះកុំសង្ឃឹមថាពីធីមង្គលការនឹងចប់ ” ។

ជាការពិតណាស់នារីបង្កហេតុនោះជាកូនក្រមុំក្លែងក្លាយ ដែលបានចូលរួមក្នុងមង្គលការទាំងមិនបានអញ្ជើញ ហើយគេបានឱ្យដឹងបន្ថែមថា ​នាងគឺជាអតីតមិត្តស្រីរបស់កូនកំលោះយូរឆ្នាំមកហើយ រហូតជិតបានរៀបការជាមួយគ្នា តែដោយសារតែគ្រួសារទាំងសងខាងមិនមានភាពចុះសម្រុងនឹងគ្នា ទើបគ្រួសារខាងកូនកំលោះព្យាយាមបំបែក និងរើសគូស្រករឱ្យកូនប្រុសរហូតគេបានរៀបការជាមួយនឹងនារីដទៃយ៉ាងឆាប់រហ័ស។

ពេលអតីតមិត្តស្រីដឹងព័ត៌មាន នាងខឹងខ្លាំងណាស់ មិនអនុញ្ញាតឱ្យពិធីមង្គលការដំណើរការទៅបានល្អនោះទេ  ដូច្នេះហើយទើបនាងមានបំណងស្លៀកឈុតរៀបការដើម្បីក្លែងធ្វើកូនក្រមុំពិតៗ ហើយ នាងពិតជាបានធ្វើឱ្យគ្រួសារខាងកូនកំលោះមានការអាម៉ាស់នៅចំពោះមុខភ្ញៀវជាច្រើន ព្រោះតែពិធី រៀបការដ៏ស្រស់ស្អាតប្រែក្លាយទៅជាភាពរញ៉េរញ៉ៃ។

យ៉ាងណាមិញរបាយការណ៍មិនបានបញ្ជាក់ថាតើពិធីមង្គលការមួយនេះអាចប្រព្រឹត្តិដល់ចប់យ៉ាងណានោះទេ ហើយភាគីទាំងសងខាងនឹងដោះស្រាយគ្នាយ៉ាងដូចម្ដេចនោះដែរ។ តែមហាជនពិតជាមានការរិះគន់ទៅគ្រួសាខាងកូនកំលោះដែលព្យាយាមបំបែកស្នេហារបស់ពួកគេជាច្រើនឆ្នាំបែបនេះ៕ ប្រភព៖ Kapook