រដ្ឋធានីសាន់តូដូមីនហ្គោ (Santo Domingo)៖ រដ្ឋមន្រ្ដីម្នាក់ ត្រូវបានឃាតករ ចូលទៅបាញ់សម្លាប់ នៅក្នុងការិយាល័យរបស់គាត់ ស្ថិតក្នុងក្រសួងបរិស្ថាន នៃសាធារណរដ្ឋដូមីនីកែន។

បណ្ដាញទូរទស្សន៍អន្ដរជាតិ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RT បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ ថា លោក អ័រឡែនដូ ចច មេរ៉ា (Orlando Jorge Mera) រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និង ធនធានធម្មជាតិ នៃប្រទេសដូមីនីកែន ត្រូវបានមិត្ដភក្ដិដ៏ជិតស្និទ្ធ ចូលទៅបាញ់សម្លាប់ នៅក្នុងការិយាល័យរបស់គាត់។

ការិយាល័យរបស់ប្រធានាធិបតីដូមីនីកែន លោក លូស អាប៊ីណាដឺរ (Luis Abinader) បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា លោក Orlando Jorge Mera រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និង ធនធានធម្មជាតិ ត្រូវបានជនដៃដល់បាញ់សម្លាប់ នៅក្នុងការិយាល័យរបស់គាត់។ ជនសង័្សយ ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ឈ្មោះ មីហ្គែល ក្រូស (Miguel Cruz) ហើយជននេះត្រូវបានគេស្គាល់ថា ជាមិត្តភក្ដិរបស់លោករដ្ឋមន្រ្ដី តាំងពីកុមារភាពមកម៉្លេះ។

មន្រ្ដីរដ្ឋការ នៃក្រសួងបរិស្ថាន និង ធនធានធម្មជាតិដូមីនីកែន បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា ពួកគេបានឮស្នូរកាំភ្លើង យ៉ាងហោចណាស់ ចំនួន៧គ្រាប់ ចេញពីការិយាល័យរបស់លោករដ្ឋមន្រ្ដី។ ចំណែកប៉ូលិស ក៏បានហាមឃាត់ការចូលទៅកាន់អគាររបស់ក្រសួងទេសចរណ៍ ផងដែរ។

ដោយឡែក ជនសង័្សយ ក៏ត្រូវបានគេរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួន នៅជិតព្រះវិហារគ្រឹស្ដ ក្បែរទីនោះដែរ។ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់ដឹង អំពីមូលហេតុ ឈានដល់ការសម្លាប់លោករដ្ឋមន្រ្ដី នៃប្រទេសស្ថិតនៅលើដែនកោះ នៃសមុទ្រការ៉ាប៊ីន (Caribbean) នេះនៅឡើយ។

លោក អ័រឡែនដូ ចច មេរ៉ា (Orlando Jorge Mera) ជាសមាជិកគ្រួសារនយោបាយដ៏មានឥទ្ធិពលបំផុត នៅលើកោះមួយនេះ។ គាត់ជាសមាជិកស្ថាបនិក នៃគណបក្សបដិវត្តន៍ទំនើប ហើយក៏ជាមេធាវីម្នាក់ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រី កាលពីអំឡុងខែសីហា ឆ្នាំ២០២០។

ឪពុករបស់គាត់ ឈ្មោះ សាល់វ៉ាឌ័រ ចច ប្លែនកូ (Salvador Jorge Blanco) ជាអតីតប្រធានាធិបតីសាធារណរដ្ឋដូមីនីកែន បានឡើង កាន់តំណែងកំពូល នៅលើដែនកោះ នៃសមុទ្រការ៉ាប៊ីន ចន្លោះពីឆ្នាំ១៩៨២-១៩៨៦ ខណៈប្រពន្ធរបស់គាត់ ឈ្មោះ ឌីលៀ ឡេទីស្យា (Dilia Leticia) កាន់តំណែង ជាអនុរដ្ឋមន្រ្ដី នៅក្នុងរដ្ឋការរបស់លោក អាប៊ីណាដឺរ (Abinader)។ រីឯកូនប្រុសរបស់ Jorge ក៏ជាសមាជិក នៃគណបក្សបដិវត្តន៍ទំនើបផងដែរ។ ចំណែកភរិយារបស់រដ្ឋមន្ត្រី ដែលត្រូវមិត្តភក្ដិបាញ់សម្លាប់ ឈ្មោះ ប៉ាទ្រីស្យា សែលម៉ា វីលឡេហ្គាស ហ្គាស្យា (Patricia Selma Villegas Garcia) បានកាន់តំណែង ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋដូមីនីកែន ប្រចាំនៅប្រទេសប្រេស៊ីល៕