រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាម វាយប្រហារគ្នាយ៉ាងសាហាវព្រៃផ្សៃ រវាងកម្លាំងការពារទឹកដីអ៊ុយក្រែន និង កម្លាំងឈ្លានពានរបស់រុស្ស៊ី បានអូសន្លាយ អស់រយៈពេលជាង៣ខែកន្លងមកនេះ រដ្ឋាភិបាលក្រុងគៀវ បានអះអាងថា កម្លាំងទាហានរបស់ក្រុងមូស្គូ បានបាត់បង់ជីវិត ជាង៣ម៉ឺននាក់ នៅក្នុងសមរភូមិរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ថា មន្រ្ដីយោធាអ៊ុយក្រែន បានអួតអាង នៅក្នុងការធ្វើសន្និសីទកាសែតចុងក្រោយរបស់ខ្លួនថា កម្លាំងការពារទឹកដីរបស់ក្រុងគៀវ បានសម្លាប់កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី យ៉ាងតិច ៣១ ២៥០នាក់ នៅក្នុងសង្គ្រាម ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៦ ខែមិថុនា។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន ចំនួន ៣១ ២៥០នាក់។ ក្រៅពីនេះ ក្រុងមូស្គូ ក៏បានបាត់បង់គ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត រួមមាន រថក្រោះ ចំនួន ១ ៣៨៦គ្រឿង, រថពាសដែក ចំនួន ៣ ៤០០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៦៩០គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ្វូង ចំនួន ២០៩គ្រឿង, ប្រព័ន្ធមីស៊ីល ៥៥១គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៩៦គ្រឿង, យន្ដហោះចម្បាំង ចំនួន ២១១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៧៦គ្រឿង, នាវាចម្បាំង និងទូកល្បាត ចំនួន១៣គ្រឿង និង គ្រឿងសឹកជាច្រើនទៀត។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី រ៉ូម៉ាន់ គូទូហ្សូវ (Roman Kutuzov) មានតួនាទីជានាយសេនាធិការ នៃកងទ័ពចម្រុះលេខ២៩របស់រុស្ស៊ី ក្លាយជាឧត្ដមសេនីយ៍ទី១១របស់រុស្ស៊ី ត្រូវបានកងទ័ពអ៊ុយក្រែន បាញ់សម្លាប់។ ក្រៅពីនេះការសម្លាប់មេបញ្ជាការ ថ្នាក់ឧត្ដមសេនីយ៍ទាំងនោះ អ៊ុក្រែន ក៏បានសម្លាប់មេបញ្ជាការរបស់រុស្ស៊ី ថ្នាក់វរសេនីយ៍ យ៉ាងតិច ៤៩នាក់ នៅក្នុងសមរភូមិរបស់ប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការអះអាង អំពីការស្លាប់ឧត្ដមសេនីយ៍យោធារបស់ខ្លួននោះទេ។ រុស្ស៊ី តែងតែចាត់ទុកការស្លាប់របស់មន្រ្ដីជាន់ខ្ពស់យោធារបស់ខ្លួន ជារឿងអាថ៌កំបាំងរបស់រដ្ឋរួចមកហើយ សូម្បីតែនៅក្នុងគ្រាមានសន្តិភាពក៏ដោយ ហើយរុស្ស៊ី ក៏មិនបានធ្វើបច្ចុប្បន្នភាពតួលេខជាផ្លូវការ អំពីចំនួនកងទ័ពរបស់ខ្លួនជាផ្លូវការ ស្លាប់ នៅក្នុងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៥ ខែមីនា មកដែរ ខណៈក្រុងមូស្គូ បានអះអាងថា ទាហានរុស្ស៊ី ចំនួន ១ ៣៥១នាក់ បានស្លាប់ នៅក្នុងសង្គ្រាម ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធា កាលពីនៅថ្ងៃទី២៤ ខែកុម្ភៈមក៕