ប្រទេសថៃ៖ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មកថា​​ ប្រទេសថៃកំពុងត្រៀមធ្វើសមយុទ្ធជាមួយនឹងប្រទេសមហាអំណាចនៃសហរដ្ឋអាមេរិកនៅក្នុងដែនសមុទ្រសម្រាប់សមយុទ្ធលើកទី២៨ ក្នុងឆ្នាំ២០២២ ដែលមានឈ្មោះថា RIMPAC (Rim of the Pacific) ជាមួយនឹងសម្ព័ន្ធមិត្តនៃបណ្ដាប្រទេសមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក។នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Khaosod។

ទាក់ទងនឹងការធ្វើសមយុទ្ធហ្វឹកហ្វឺនដែនសមុទ្រលើកទី ២៨ សម្រាប់ឆ្នាំ ២០២២ នេះនឹងមានការចូលរួមពីសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក  ពីជុំវិញពិភពលោក ដូចជាឥណ្ឌា ជប៉ុន និងអូស្ត្រាលី ហើយប្រាំមួយប្រទេសផ្សេងទៀតនៅក្នុងអាស៊ានមានដូចជា ប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង ប្រ៊ុយណេ។

ក្នុងនោះកងអនុសេនាធំទី ៣ របស់កងទ័ពជើងទឹកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះថាសមយុទ្ធនេះត្រូវបានធ្វើឡើងនៅទីក្រុង Honolulu, Hawaii និង San Diego នៅកាលីហ្វ័រញ៉ា ហើយអង្គភាពយោធាមកពី ២៦ ប្រទេសនឹងចូលរួមចាប់ពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ៤ ខែសីហាឆ្នាំ២០២២នេះ  ពួកគេនឹងអនុញ្ញាតឱ្យប្រើប្រាស់នាវាលើផ្ទៃទឹក ៣៨គ្រឿង នាវាមុជទឹក ៤ គ្រឿង និងយន្តហោះចំនួន ១៧០ គ្រឿងផងដែរ។

មិនតែប៉ុណ្ណោះ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ដូច្នេះថា សមយុទ្ធនេះ នឹងផ្តោតលើការធ្វើសមយុទ្ធ លើផ្ទៃទឹក និងអនុវត្តផ្ទាល់ជាមួយកាំភ្លើងធំ កាំជ្រួច និង ធ្វើសមយុទ្ធប្រឆាំងនឹងនាវាមុជទឹក  ព្រមទាំងធ្វើការការពារដែនអាកាស រួមទាំងប្រតិបត្តិការប្រឆាំងការលួចចម្លង ប្រតិបត្តិការបោសសម្អាតមីន ការចោលអាវុធ និងប្រតិបត្តិការមុជទឹក និងជួយសង្គ្រោះអ្នករបួសជាដើម។

យ៉ាងណាមិញការធ្វើសមយុទ្ធ RIMPAC(Rim of the Pacific) ឆ្នាំ ២០២២ នេះវាពិតជារួមចំណែកដល់អន្តរប្រតិបត្តិការ ភាពបត់បែន និងការចល័តដើម្បីរារាំង និងយកឈ្នះការឈ្លានពានពីប្រទេសមហាអំណាចនៅទូទាំងព្រំដែន ក៏ដូចជាការសម្របខ្លួន និង ពង្រឹងសមត្ថភាពបណ្តុះបណ្តាល ការធ្វើការរួមគ្នាដើម្បីពង្រឹងកម្លាំងរួម ក៏ដូចជាលើកកម្ពស់ក្នុងវិស័យយោធាផងដែរ៕ ប្រភព៖ Khaosod