រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ មេដឹកនាំក្រុងគៀវ បានចោទប្រកាន់ ដល់កម្លាំងទាហានរបស់ក្រុងមូស្គូ ពីការចាប់បង្ខំកុមារ រាប់សែននាក់ បញ្ជូនឆ្លងដែន ចេញពីប្រទេសអ៊ុយក្រែន នាំទៅបំបែកគ្នា ដាក់ពង្រាយ ពាសពេញប្រទេសរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា កុមារ ចំនួន២សែននាក់ ស្ថិតក្នុងចំណោមជនជាតិអ៊ុយក្រែន ត្រូវបានចាប់ខ្លួន ដោយបង្ខំ នាំទៅកាន់ប្រទេសរុស្ស៊ី ហើយបានបំបែកពួកគេ ដាក់ពង្រាយ ពាសពេញប្រទេសដ៏ធំមួយនេះ។ កុមារទាំងនោះ រាប់បញ្ចូលទាំងកុមារ មកពីមណ្ឌលកុមារកំព្រា កុមារនាំទៅជាមួយឪពុកម្តាយ និង កុមារបែកពីគ្រួសាររបស់ពួកគេ។

លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមវីដេអូ ប្រចាំរាត្រី ទៅកាន់ប្រជាជាតិ កាលពីយប់ ថ្ងៃពុធ ទី១ ខែមិថុនា ជាទិវាកុមារអន្ដរជាតិ ថា គោលបំណង នៃគោលនយោបាយរបស់ឧក្រិដ្ឋជន មិនមែនគ្រាន់តែលួចមនុស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគេធ្វើឲ្យអ្នកត្រូវនិរទេសខ្លួនភ្លេចប្រទេសអ៊ុយក្រែន ហើយមិនអាចវិលត្រឡប់ មកកាន់ប្រទេសកំណើតរបស់ពួកគេវិញបាន។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែន នឹងដាក់ទោសទណ្ឌដល់អ្នកទទួលខុសត្រូវ ប៉ុន្តែជាដំបូង អ៊ុយក្រែន នឹងបង្ហាញដល់រុស្ស៊ី នៅលើសមរភូមិ ថា «ប្រទេសអ៊ុយក្រែន មិនអាចដណ្តើមបានឡើយ ប្រជាជនរបស់យើង នឹងមិនចុះចាញ់ ហើយកូនៗរបស់យើង នឹងមិនក្លាយជាកម្មសិទ្ធិរបស់អ្នកឈ្លាពាននោះដែរ»។ ប៉ុន្ដែរហូតមកដល់ពេលនេះ កុមារ ចំនួន២៤៣ នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាម ហើយកុមារ ចំនួន៤៤៦នាក់ បានរងរបួស និង ១៣៩ នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។ ប៉ុន្ដែចំនួនពិតប្រាកដ អាចនឹងមានច្រើនជាងនេះ ដោយសាររដ្ឋាភិបាលរបស់គាត់ មិនទាន់មានរូបភាពច្បាស់លាស់ អំពីស្ថានភាព នៅក្នុងតំបន់ដែលកាន់កាប់ ដោយកម្លាំងទាហានរុស្ស៊ី៕Russian strike devastates hospital in Mariupol; Zelensky: Kids buried under  wreckage | The Times of Israel