ប្រទេសស្រីលង្កា៖ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ មានសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កា បានជំរុញឱ្យកសិករដាំស្រូវបន្ថែមទៀតក្នុងរយៈពេល ៥ ទៅ ១០ ថ្ងៃខាងមុខ ខណៈដែលស្ថានភាពស្បៀងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

ដូចដែលមហាជនបានជ្រាបរួចមកហើយជាមួយនឹងប្រទេសស្រីលង្កាដែលកំពុងតែជួបនូវវិបត្តិសេដ្ឋកិច្ច និងប្រទេសកំពុងតែស្ថិតក្នុងការជំពាក់បំណុលគេរុំទិស ខណៈដែលស្ថានភាពស្បៀងកាន់តែអាក្រក់ទៅៗ ហើយវាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដោយសារកង្វះរូបិយប័ណ្ណបរទេស និងអតិផរណាកើនឡើង ទាំងអស់នេះហើយដែលបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ប្រេងឥន្ធនៈ និងតម្រូវការផ្សេងៗទៀត។ ក្នុងនោះអាជ្ញាធរស្រីលង្កាបានបង្ហើបឱ្យដឹងថា អត្រាអតិផរណារបស់ប្រទេសនេះបានឈានដល់កំណត់ត្រាមួយ ដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ទីក្រុងកូឡុំបូ (CCPI) បានកើនឡើងពី២៩.៨  ភាគរយបើធៀបកាលពីឆ្នាំមុន ហើយកើនឡើងដល់ ៣៩.១ ភាគរយនៅក្នុងខែមេសាកន្លងទៅនេះ ហើយអតិផរណាម្ហូបអាហារនៅទីក្រុងកូឡុំបូមានចាប់ពី ៤៦.៦  ភាគរយ បានកើនឡើងដល់ ៥៧.៤ ភាគរយនៅក្នុងខែមេសាដូចគ្នា ជាលទ្ធផលនៃការខ្វះខាតយ៉ាងខ្លាំងនៃទំនិញសំខាន់ៗ រួមទាំងអាហារផងដែរ។

យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះផងដែរ រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កាលោក Mahinda Amravira ក៏បានជំរុញឱ្យកសិករដាំស្រូវបន្ថែមទៀតក្នុងរយៈពេល ៥ ទៅ ១០ ថ្ងៃខាងមុខនេះដើម្បីដោះស្រាយពីវិបត្តិខ្វះស្បៀង។ លើសពីនេះវាជាការខិតខំស្វែងរកមធ្យោបាយលើកកម្ពស់ផលិតកម្ម ស្បៀងបន្ទាប់ពីនាយករដ្ឋមន្ត្រី Ranil Wickremesinghe បានព្រមានពីការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរក្នុងប្រទេសស្រីលង្កា ចាប់ពីខែសីហាខាងមុខនេះតទៅ បន្ថែមពីនោះអាជ្ញាធរស្រីលង្កាក៏កំពុងស្វែងរកជំនួយពីធនាគារអាហារអាស៊ីខាងត្បូង ដែលជាធនាគារផ្គត់ផ្គង់អង្ករ និងផលិតផលផ្សេងៗទៀត ដល់ប្រទេសដែលខ្វះខាត និងប្រទេសក្រីក្រក្នុងពិភពលោក៕ ប្រភព៖ Khaosod