អន្តរជាតិ៖ ម្ចាស់ជើងឯក Bundesliga Bayern Munich បានប្រកាសកាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ អំពីការបើកការិយាល័យក្លឹបនៅទីក្រុងបាងកក ដែលជាទីតាំងទី៣ របស់ពួកគេនៅខាងក្រៅប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost

ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបានបើកអគារនៅទីក្រុងញូវយ៉កក្នុងឆ្នាំ២០១៤ និងទីក្រុងសៀងហៃក្នុងឆ្នាំ២០១៧ ការិយាល័យនៅក្នុងរដ្ឋធានីនឹងបម្រើផលប្រយោជន៍របស់ Bayern នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌា និងអូសេអានី។

លោក Oliver Kahn នាយកប្រតិបត្តិក្លឹបបាននិយាយថា «ការិយាល័យនៅទីក្រុងបាងកក គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្លឹប FC Bayern ឫសគល់របស់យើងគឺនៅទីក្រុង Munich និង Bavaria ប៉ុន្តែគោលដៅរបស់យើងគឺការផ្លាស់ប្តូរដោយផ្ទាល់ប្រកបដោយនិរន្តរភាពជាមួយអ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក»។

លោកបានបន្តទៀតថា យើងរីករាយដែលអាចធ្វើឱ្យក្លឹបរបស់យើង និងអ្វីដែលវាតំណាងឱ្យកាន់តែជាក់ស្តែងសម្រាប់អ្នកគាំទ្ររាប់លាននាក់នៅអាស៊ីអាគ្នេយ៍។

បច្ចុប្បន្នមានក្លឹបអ្នកគាំទ្រ Bayern Munich ចំនួន៣៩ ប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយក្លឹបយក្ស Bundesliga បានរៀបចំការប្រកួតយុវជន និងវគ្គបណ្តុះបណ្តាលជាប្រចាំនៅក្នុងតំបន់ដើម្បីកំណត់អត្តសញ្ញាណទេពកោសល្យ ៕