រដ្ឋធានីមូស្គូ៖ ស្របពេល កម្លាំងទាហានឈ្លានពានរុស្ស៊ី កំពុងតែវាយដណ្ដើម កាន់កាប់កាប់បានទឹកដីពាក់កណ្ដាល នៃទីក្រុងសៀវៀរ៉ូដូណែតស្ក៍ (Sievierodonetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន នោះភ្លាម ក្រុងមូស្គូ បានចាប់ផ្ដើម បញ្ចេញកម្លាំងទាហានអាវុធនុយក្លេអ៊ែរ ទៅកាន់ខេត្ត អ៊ីវ៉ាណូវ៉ូ ស្ថិតនៅភាគឦសាន រដ្ឋធានីមូស្គូ។

សារព័ត៌មាន អារ៉ាប់អន្ដរជាតិ Alarabiya បានដកស្រង់ប្រភពពី AP យកមកចុះផ្សាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ថា ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់ព័ត៌មាន ពីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ទី១ ខែមិថុនា ថា កម្លាំងទាហាននុយក្លេអ៊ែររបស់រុស្ស៊ី កំពុងតែធ្វើសមយុទ្ធយ៉ាងខ្លាំងក្លា នៅក្នុងខេត្ត Ivanovo នាភាគឦសាន នៃទីក្រុងមូស្គូ។ នៅក្នុងការធ្វើសមយុទ្ធនេះ មានទាហាន ប្រហែល ១ ០០០នាក់ ចូលរួម ដោយប្រើប្រាស់យាន ជាង ១០០គ្រឿង រួមទាំងកាំជ្រួចមីស៊ីលឆ្លងទ្វីបយ៉ាស់ (Yars) ផងដែរ។

មន្រ្ដីជាន់ខ្ពស់យោធា សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ថា សកម្មទាហាននុយក្លេអ៊ែររបស់រុស្ស៊ី បានកើតឡើង ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវគេរំពឹងថា នឹងប្រកាសថា ក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនប្រព័ន្ធបាញ់រ៉ុក្កែត រយៈចម្ងាយមធ្យមដ៏ទំនើបបំផុតមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែន តាមការស្នើរបស់ក្រុងគៀវ ដើម្បីរារាំងដល់ការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់ដុនបាស (Donbas) ។ គ្រឿងសព្វាវុធទាំងនេះ ក៏ជាអាវុធដ៏សំខាន់បំផុតមួយ អាចជួយដល់កងទ័ពអ៊ុយក្រែន ទប់ទល់នឹងកម្លាំងទាហានរបស់រុស្ស៊ី៕