ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ចាប់តាំងពីក្រុងមូស្គូបានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក បណ្ដាបស្ចិមប្រទេស បានហ៊ុមព័ទ្ធដល់ប្រេងរបស់រុស្ស៊ី ហើយសកម្មភាពរបស់សហភាអឺរ៉ុប បាននាំឲ្យតម្លៃប្រេងឆៅរបស់ពិភពលោក កើនឡើងខ្ពស់បំផុត នៅក្នុងរយៈពេលជិត៣ខែកន្លងមកនេះ។

សារព័ត៌មាន The Brussels Times (ឌឺ ប្រ៊ុសសែលស៍ ថែមស៍) បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ថា តម្លៃប្រេង បានកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅក្នុងរយៈពេល២ខែ គិតត្រឹមថ្ងៃអង្គារ ទី៣១ បន្ទាប់ពីសហភាពអឺរ៉ុប បានឯកភាពគ្នា ហាមឃាត់ការនាំចេញប្រេង មកពីប្រទេសរុស្ស៊ី ច្រើនជាង២ភាគ៣ ដែលបម្រាមនេះត្រូវបានប្រកាស កាលពីថ្ងៃចន្ទ ទី៣០។

កាលពីថ្ងៃអង្គារ ប្រេងនៅសមុទ្រខាងជើង ១បារ៉ែល មានតម្លៃ ១២៣,៣២ដុល្លារ កើនឡើង ១,៦៥ដុល្លារ បើធៀបនឹងថ្ងៃចន្ទ។ តម្លៃប្រេងប្រភេទអាមេរិក បានឡើង ដល់១១៨,៥៤ដុល្លារ កើនលើសថ្ងៃចន្ទ ចំនួន៣,៤៧ដុល្លារ។

មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា បានឯកភាព លើការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី។ ជាមួយនឹងបម្រាមនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលប្រេងរបស់រុស្ស៊ី នៅតាមសមុទ្រ។ ប្រទេសហុងគ្រីធ្លាប់បានជំទាស់នឹងការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី ប៉ុន្ដែក្រោយពេលមានការសម្រុះសម្រួលគ្នារួចមក ទើបមេដឹកនាំសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយ ដោយហាមឃាត់នូវការណចេញប្រេងពីរុស្ស៊ី តែអនុញ្ញាតឱ្យមានការនាំចូលប្រេង តាមបំពង់ប្រេង ទៅកាន់សហភាពអឺរ៉ុប ហើយនឹងកាត់បន្ថយការនាំចូលប្រេងរុស្ស៊ី ជាង៩០ភាគរយ នៅចុងឆ្នាំ២០២២។

បើតាមទីភ្នាក់ងារថាមពលអន្ដរជាតិ បានឲ្យដឹងថា អឺរ៉ុបជាអ្នកទិញថាមពលដ៏ធំបំផុតរបស់រុស្ស៊ី ។ នៅក្នុងឆ្នាំ២០២១ ប្រេងឆៅរបស់រុស្ស៊ី ប្រហែល២,៤លានដុល្លារ ត្រូវបានដឹកតាមនាវាបញ្ជូនទៅកាន់អឺរ៉ុប ជារៀងរាល់ថ្ងៃ៕Europe Reluctantly Readies Russian Oil Embargo - The New York Times