រដ្ឋធានីហាណូយ៖ គណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាជាតិវៀតណាម (ហៅកាត់ NA) កាលពីពេលថ្មីៗនេះ បានស្នើឲ្យអភិវឌ្ឍថាមពលនុយក្លេអ៊ែរ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដើម្បីធានាដល់សន្តិសុខថាមពលរបស់ជាតិ និង សម្រេចបាននូវគោលដៅ «គ្មានបញ្ចេញឧស្ម័ន ឬ Net Zero» ដែលវៀតណាម បានកំណត់ នៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) លើកទី២៦។ នេះបើតាមសារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

វៀតណាម បានផ្អាកគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan 1 និង 2 ក្រោមដំណោះស្រាយរបស់រដ្ឋសភា នៅក្នុងឆ្នាំ២០១៦ ដោយសារហេតុផលសុវត្ថិភាព និង ដើម្បីប្រមូលធនធាន សម្រាប់គម្រោងសំខាន់ៗផ្សេងទៀត។

នៅក្នុងរបាយការណ៍ត្រួតពិនិត្យនូវការអនុវត្តដំណោះស្រាយ គណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាជាតិវៀតណាម បានស្នើថា វៀតណាម គួរតែពិចារណា អភិវឌ្ឍថាមពលនុយក្លេអ៊ែរ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ រីឯគម្រោង Ninh Thuan គួរតែត្រូវបានដំណើរការឡើងវិញ នៅក្នុងពេលវេលាសមស្របណាមួយ។

គណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាជាតិវៀតណាម បានលើកហេតុផល ថា ថាមពលនុយក្លេអ៊ែរ ជាប្រភពថាមពល មានកាបូនទាប ដែលនឹងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត ប្រភពថាមពលមួយចំនួន ដូចជា វារីអគ្គិសនី ថាមពលធ្យូងថ្ម ថាមពលឧស្ម័ន និង ថាមពលពីពន្លឺព្រះអាទិត្យ នៅមិនទាន់ ត្រូវបានអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនៅឡើយ ខណៈវៀតណាមប្រឈមនឹងហានិភ័យ នៃផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។

គណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាជាតិវៀតណាម បានបញ្ជាក់ថា ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ ឈានទៅដំណាក់កាលបន្ទាប់ និង រួមចំណែកដល់ការធានាសន្តិសុខថាមពលជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និង ពឹងផ្អែកលើខ្លួនឯង ក៏ដូចជា ការធានាសុវត្ថិភាព នៃប្រព័ន្ធថាមពល តាមរយៈប្រភព នៃកកើតចម្រុះ៕