រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល បញ្ជូនមីស៊ីលបំពាក់លើស្មា បាញ់ទម្លាក់យន្ដហោះយ៉ាងច្រើន ទៅជួយដល់ប្រទេសអ៊ុយក្រែន នោះមក តែរហូតមកដល់ពេលនេះ ទាហានសហរដ្ឋអាមេរិក បានទិញមីស៊ីល Stinger បំពេញស្ដុករបស់ខ្លួនឡើងវិញ ដោយមិនឲ្យអស់ពីក្នុងដៃនោះឡើយ។

ទាហានសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានចុះកិច្ចសន្យា មានទំហំទឹកប្រាក់ ៦២៥លានដុល្លារ ជាមួយក្រុមហ៊ុន Raytheon Technologies Corp សម្រាប់ការទិញកាំជ្រួច ប្រឆាំងនឹងយន្តហោះ ប្រភេទ Stinger ដើម្បីបំពេញស្តុករបស់ខ្លួនឡើងវិញ ក្រោយការបញ្ជូនមីស៊ីល ប្រភេទនេះ ជាច្រើនគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន។

មីស៊ីលប្រឆាំងនឹងយន្ដហោះ បាញ់លើស្មា ប្រភេទ Stinger ផលិតឡើង ដោយក្រុមហ៊ុន Raytheon ហើយបច្ចុប្បន្ន មីស៊ីលប្រភេទនេះ មានតម្រូវការខ្ពស់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបញ្ឈប់នូវការវាយប្រហារ តាមផ្លូវអាកាស យ៉ាងមានប្រសិទ្ធភាពបំផុត ពីកម្លាំងទាហានរុស្សី ។ ជាមួយគ្នានេះ ប្រទេសជិតខាង នៅតំបន់អឺរ៉ុប ក៏មានការបារម្ភថា ពួកគេប្រហែលជាត្រូវការ ទប់ទល់នឹងកងកម្លាំងរុស្ស៊ី ផងដែរ។

បច្ចុប្បន្ន កងទ័ពសហរដ្ឋអាមេរិក មានកម្រិត នៃការប្រើប្រាស់ សម្រាប់ការផ្គត់ផ្គង់មីស៊ីល Stingers ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវការរក្សានូវការផ្គត់ផ្គង់មីស៊ីលរបស់ខ្លួន ស្ថិតក្នុងដៃ ខណៈមីស៊ីលអភិវឌ្ឍជំនាន់បន្ទាប់ នៃ «ប្រព័ន្ធការពារដែនអាកាសចល័តដោយមនុស្ស»។ ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២មក ក្រុងវ៉ាស៊ីនតោន បានដឹកជញ្ជូនមីស៊ីល ប្រភេទ Stinger ចំនួន ១ ៤០០គ្រឿង ទៅឲ្យក្រុងគៀវ សម្រាប់ទប់ទល់នឹងការវាយប្រហារ តាមផ្លូវអាកាស ពីកម្លាំងទាហានរុស្ស៊ី៕