អន្តរជាតិ៖ ក្មេងស្រីឈ្មោះ Miah Cerrillo អាយុ១១ឆ្នាំម្នាក់ បានរស់រានមានជីវិតពីការបាញ់ប្រហារដ៏រន្ធត់ នៅសាលារៀនក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយសារនាងបានយកឈាមមិត្តរួមថ្នាក់ ដែលស្លាប់មកប្រឡាក់លើខ្លួន ដើម្បីធ្វើជាស្លាប់បំភ័នភ្នែកខ្មាន់កាំភ្លើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA 

តាមការរៀបរាប់របស់ក្មេងស្រីដែលរួសរានមានជីវិតបានរៀបរាប់ឲ្យដឹងថា  ជន​ដៃដល់​មាន​ឈ្មោះ Salvador Ramos បានដើរចូលថ្នាក់រៀនរបស់នាង ហើយពេលនោះខ្មាន់កាំភ្លើងបានសម្លឹងមកគ្រូរបស់នាង បន្ទាប់មក Ramos បាននិយាយថា “រាត្រីសួស្តី” ហើយបានបាញ់សម្លាប់គ្រូបង្រៀនមុនគេបង្អស់ មុខពេលបើកការបាញ់ប្រហារទៅកាន់សិស្សផ្សេងៗជាច្រើននាក់ទៀត។

ភ្លាមៗនោះ Ramos បានធ្វើការបាញ់រះទៅលើមិត្តរួមថ្នាក់របស់នាង ហើយបន្ទាប់មកក៏មានមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយនាងមានការស្លុតចិត្តជាខ្លាំងរួមទាំងភិតភ័យផងនោះនាងក៏បានយកដៃទៅបាតឈាមមិត្តរួមថ្នាក់ ដែលស្លាប់ហើយនោះរួចក៏យកមកលាបលើខ្លួន ដែលអាចក្លែងបន្លំភ្នែក Ramos ថានាងបានស្លាប់បាត់ទៅហើយ ហើយនាងក៏បានធ្វើដេកសន្លប់នៅទីនោះអស់ជាច្រើនម៉ោង រហូតមានជំនួយមកដល់។

គួររំលឹកដែលថា ម្តាយរបស់ Miah ឈ្មោះ Abigale Veloz បានបង្កើតទំព័រ GoFundMe ដើម្បីអំពាវនាវរកសប្បុរសជនឲ្យជួយបង់ប្រាក់សម្រាប់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដែលកូនស្រីរបស់គាត់ត្រូវការ បន្ទាប់ពីមានការសម្លាប់រង្គាល។ ជាមួយគ្នានេះដែរ Veloz បាននិយាយនៅលើទំព័រ GoFundMe ថា “ថ្នាក់រៀនរបស់កូនស្រីនាងគឺជាបន្ទប់សំខាន់មួយដែលត្រូវបានគេកំណត់គោលដៅ” ។

គួរបញ្ចាក់ដែលថា កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ មានខ្មាន់​កាំភ្លើង​ម្នាក់​បាន​សម្លាប់​យ៉ាង​ហោច​ណាស់​កុមារ​១៩នាក់ ​និង​មនុស្ស​ពេញ​វ័យ​២នាក់ នៅ​ក្នុង​ការ​វាយ​ប្រហារ​​នៅក្នុង​សាលា​បឋមសិក្សា​មួយ​កន្លែងនៅ​ក្នុង​រដ្ឋ Texas (តិចសាស់) ​ភាគ​និរតី​សហរដ្ឋ​អាមេរិក ​ដែល​នេះ​ជា​ការ​បាញ់​សម្លាប់​ដ៏​ប្រល័យ​ធំ​បំផុត​មួយ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​នៅ​ក្នុង​សាលារៀន​របស់​សហរដ្ឋ​អាមេរិក​នោះ ៕