អន្តរជាតិ៖ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ២០២២ តុលាការ​ប្រជាជន​នៃ​ទីក្រុង​ហូជីមិញ ​បាន​កាត់​ទោស​ជន​ជាប់​ចោទឈ្មោះ Pham Thi Tu Trinh អាយុ៣៤ឆ្នាំ រស់​នៅ​ទីក្រុង Thu Duc ទីក្រុង​ហូជីមិញ ឲ្យ​ជាប់​ពន្ធនាគាររយៈពេល១២ឆ្នាំ​ ពី​បទ​ឃាតកម្ម បន្ថែម​ពី​លើ​នេះអង្គ​ជំនុំ​ជម្រះ​បាន​បង្ខំ​ចុង​ចោទ​ឲ្យ​បង់​ប្រាក់​២០​លាន​ដុង​ដល់​ជន​រង​គ្រោះទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zingnews

តាម​ដីកា​បង្គាប់​បានឲ្យ​ដឹង​ថា កាលពីខែ​មិថុនា ឆ្នាំ២០២០ នាង Pham Thi Tu Trinh បាន​ខ្ចី​ប្រាក់​ពី​លោកស្រី VTKP ចំនួន៤១លាន​ដុង ក្នុង​អត្រា​ការ​ប្រាក់២លាន​ដុង​ក្នុង​មួយ​ខែ។ ដោយ​សារ​ចុង​ចោទ​ជំពាក់​ការ​ប្រាក់​២​ខែ អ្នកស្រី VTKP ដែលជាម្ចាស់បំណុលបាន​គណនា​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​ឡើងដល់៤៥​លាន​ដុង  ហើយកូនបំណុលបានសន្យាថានឹងបង់ប្រាក់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

លុះនៅម៉ោងប្រហែល១០យប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ អ្នកស្រី ក៏បានបានទៅផ្ទះរបស់នាង Trinh ក្នុងសង្កាត់ Long Phuoc ទីក្រុង Thu Duc ដើម្បីយកលុយ។ បន្ទាប់មកនាង Trinh បាននិយាយថា នាងនឹងបង់ប្រាក់ ២៥លានដុងជាមុន ហើយ២០លានដុង សន្យារហូតដល់ថ្ងៃទី២៩ នៃឆ្នាំថ្មីដើម្បីទូទាត់នៅពេលក្រោយ។

ពេល​អ្នកស្រី VTKP កំពុង​រង់ចាំ​លុយ នាង Trinh ក៏បាន​ប្រើ​ខ្សែ​ឆ័ត្រ​រឹតក​ជនរងគ្រោះ ភ្លាមៗនោះជន​រង​គ្រោះ​បាន​វាយ​តប​វិញ ហើយ​បាន​ហៅ​ឱ្យគេ​ជួយ បន្ទាប់មកអ្នកជិតខាងឮក៏មកជួយអន្តរាគមន៍ ភ្លាមៗនោះអ្នកស្រី ក៏បានទៅប៉ុស្តិ៍នគរបាលដើម្បីរាយការណ៍។

នៅ​ក្នុង​តុលាការ​ថ្ងៃ​នេះ នាង Trinh បាន​ទទួល​ស្គាល់​ពី​បទ​ល្មើស ដោយជនជាប់ចោទ​បាន​ផ្តល់​សក្ខីកម្ម​ថា ដោយសារ​ខ្លួន​មិន​អាច​សងបំណុល​គេ និង​ខ្លាច​ម្ចាស់បំណុលប្រាប់​គ្រួសារ​នាង ទើប​មាន​ចេតនា​សម្លាប់​ជនរងគ្រោះ​។

យ៉ាងណាមិញគណៈវិនិច្ឆ័យបានរកឃើញថា ស្ថានភាពគ្រួសាររបស់ចុងចោទមានការលំបាក នាងត្រូវចិញ្ចឹមកូនតូចម្នាក់ ក្នុងអំឡុងពេលដំណើរការស៊ើបអង្កេត ចុងចោទបានស្ម័គ្រចិត្តសងបំណុលចំនួន ៤៥លានដុងដល់ជនរងគ្រោះ ហើយបានយល់ព្រមដោយស្ម័គ្រចិត្តបង់បន្ថែមចំនួន២០លានដុង ៕