រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល សង្គ្រាមវាយប្រយុទ្ធគ្នា យ៉ាងសាហាវឃោរឃៅ រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី បានអូសបន្លាយ អស់រយៈពេល៩៤ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ហើយកំពុងតែបន្ដប្រយុទ្ធគ្នា គ្មានស្រាកស្រាន្ដ នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែព្យាយាមលុបបំបាត់វប្បធម៌ និង អត្ដសញ្ញាតរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងថា សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ( Vladimir Putin) កំពុងតែព្យាយាមលុបបំបាត់វប្បធម៌ និង អត្ដសញ្ញាណជាតិរបស់អ៊ុយក្រែ។ ជាមួយគ្នានេះដែរ មេដឹកនាំរបស់រដ្ឋាភិបាលក្រុងគៀវ បានសច្ចាតស៊ូទប់ទល់នឹងការវាយលុករបស់រុស្ស៊ី នៅតំបន់ដុនបាស់ (Donbas) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

ដោយឡែក លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក អាចបរិច្ចាគប្រាក់ ជួយដល់អ៊ុយក្រែន វាគួរតែអាចធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ សម្រាប់សាលារៀនរបស់ខ្លួន។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះ បានប្រាប់ដល់សមាគមកាំភ្លើងជាតិ (The National Rifle Association) ថា «ករណីនេះ មិនមែនជាបញ្ហាលុយកាក់នោះទេ។ នេះជាបញ្ហាឆន្ទៈ។ ប្រសិនបើសហរដ្ឋអាមេរិក មានប្រាក់៤០ពាន់លានដុល្លារ បញ្ជូនទៅអ៊ុយក្រែន យើងអាចធ្វើបញ្ហានេះបាន»។ ការលើកឡើងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះ បានកើតឡើង ក្រោយមានការវាយប្រហារទៅលើសាលារៀន។

គណបក្សដ៏ធំទាំង២របស់សហរដ្ឋអាមេរិក រួមមាន គណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ បានគាំទ្រសំណើរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមរិក សម្រាប់ជំនួយយោធា ជិត ៤០ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែ ហើយព្រឹទ្ធសភារបស់ប្រទេសមហាអំណាចកំពូលមួយនេះ បានអនុម័ត កាលពីដើមខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែលោកត្រាំ បានអះអាងថា លុយទាំងនេះ នឹងត្រូវចំណាយដ៏ល្អបំផុត នៅក្នុងប្រទេស។

បើតាមវិទ្យាស្ថានអន្ដរជាតិ សិក្សាពីសង្គ្រាម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានអះអាងថា កម្លាំងទាហានរុស្ស៊ី បានបន្ដវាយរុលទៅមុខ ដើម្បីឡោមព័ទ្ធតំបន់ទីក្រុងចំនួន២ រួមមាន ទីក្រុងសៀវីយេរ៉ូដូណែតស្ក៍ (Sievierodonetsk) និង លីស៊ីចាន់ស្ក៍ (Lysychansk) នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។.

ជាមួយនឹងសកម្មភាពយោធារបស់រុស្ស៊ី បែបនេះ លោក ចូ បៃដិន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់សមភាគីរុស្ស៊ី ថា « លោក ពូទីន ព្យាយាមលុបបំបាត់អត្ដសញ្ញាណរបស់អ៊ុយក្រែន។ ពូទីន មិនត្រឹមតែព្យាយាម ដណ្ដើមកាន់កាប់ប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែគាត់កំពុងតែព្យាយាម លុបចោលវប្បធម៌ និង អត្តសញ្ញាណរបស់ប្រជាជនអ៊ុយក្រែន។ រុស្ស៊ី វាយប្រហារលើសាលារៀន ទារកដ្ឋាន មន្ទីរពេទ្យ សារមន្ទីរ ដោយមានគោលបំណងលុបបំបាត់វប្បធម៌របស់ប្រទេសនេះទាំងស្រុងតែម្ដង»៕