រដ្ឋធានីមូស្គូ៖ ថ្វីបើសហភាពអឺរ៉ុប កំពុងតែរៀបចំគម្រោង ហ៊ុមព័ទ្ធទាំងស្រុងនូវការនាំចូលប្រេង និង ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី យ៉ាងណាក្ដី តែរដ្ឋាភិបាលក្រុងមូស្គូ នៅតែរំពឹង ថា នឹងទទួលបានប្រាក់ចំណូល ពីប្រភពថាមពលទាំងនេះ ជាង ១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ថា ក្រុងមូស្គូ រំពឹងថា នឹងទទួលបានប្រាក់ចំណូលបន្ថែម ពីប្រេង និង ឧស្ម័នធម្មជាតិ ចំនួន១លានលានរូប្ល៍ ឬស្មើនឹង ១៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ។ ប្រាក់ចំណូលទាំងនោះ នឹងបន្ថែមទៅលើផ្នែកខ្លះ នៃចំនួនថវិកា នឹងត្រូវចំណាយ ទៅលើការវាយលុករបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

លោក អេនតុន ស៊ីលូអេណូវ (Anton Siluanov) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានថ្លែងនៅក្នុងការថ្លែងសុន្ទរកថា ចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍របស់រដ្ឋ ថា ទីក្រុងមូស្គូ គ្រោងនឹងគម្រោងចំណាយ លើប្រាក់ចំណូលបន្ថែម នៅឆ្នាំនេះ ជាជាងការសន្សំទុក សម្រាប់ការប្រើ នាពេលអនាគត។

លោករដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ថា ថវិកា នឹងត្រូវចំណាយទៅលើ «ការទូទាត់បន្ថែម» សម្រាប់អ្នកចូលនិវត្តន៍ និង គ្រួសារដែលមានកូន និង ធ្វើប្រតិបត្តិការពិសេស នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានជំរុញឲ្យសហភាពអឺរ៉ុប ត្រូវតែហ៊ុមព័ទ្ធនូវការនាំចូលប្រេង និង ឧស្ម័នធម្មជាតិទាំងស្រុង ពីប្រទេសរុស្ស៊ី។ បច្ចុប្បន្ន តំបន់អឺរ៉ុប បានចំណាយលុយ ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យក្រុងមូស្គូ សម្រាប់ការទិញប្រេង និង ឧស្ម័ន ហើយសកម្មភាពបែបនេះ ដូចជា ការចូលរួម ដោយផ្ទាល់ នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ផេត្រូ ប៉ូរ៉ូសែនកូ (Petro Poroshenko) អតីតប្រធានាធិបតីអ៊ុយក្រែន និង ជាមហាសេដ្ឋីមួយរូប ធ្លាប់បានអំពាវនាវជាញឹកញាប់ ដល់បណ្ដាប្រទេសនានា នៅលើពិភពលោក ថា សូមបញ្ឈប់នូវការទិញប្រេង និង ឧស្ម័ន ពីប្រទេសរុស្ស៊ី ព្រោះប្រភពថាមពលទាំងនេះ មានក្លិនឈាមមនុស្ស។ ប្រសិនបើអ្នកនៅតែបន្ដទិញប្រេង និង ឧស្ម័ន ពីប្រទេសរុស្ស៊ី មិនខុសពីអ្នកជួយលុយ ឲ្យក្រុងមូស្គូ ទិញគ្រឿងសព្វាវុធ យកមកសម្លាប់ពលរដ្ឋអ៊ុយក្រែន នោះឡើយ ហើយសកម្មភាពបែបនេះ គឺអមនុស្សធម៌ខ្លាំងបំផុត៕