រដ្ឋធានីវ៉ាស៊ីនតោន៖ គិតត្រឹម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៩៣ថ្ងៃ ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ ទើបមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាងថា កម្លាំងរុស្ស៊ីបានបាត់បង់យ៉ាងធំធេង នៅក្នុងជម្លោះ រវាងប្រទេសជិតខាងទាំង២នេះ។

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយដកស្រង់ប្រភព ពីមន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក ថា នៅក្នុងការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែន កម្លាំងទាហានរុស្ស៊ី បានបាត់បង់រថក្រោះ ជាង១ ០០០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ជាង៣៥០គ្រឿង, យន្ដហោះទម្លាក់គ្រាប់បែក ជិត៣០គ្រឿង និង ឧទ្ធម្ភាគចក្រ ជាង៥០គ្រឿង។ បើទោះជា មានការបាត់បង់គ្រឿងយុទ្ធោបករណ៍យ៉ាងច្រើនបែបនេះក្ដី តែសហរដ្ឋអាមេរិក នៅតែវាយតម្លៃ ថា រុស្ស៊ី នឹងនៅតែ …មានសមត្ថភាពខ្លាំងក្លា»។

មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ថា «កម្លាំងទាហានរុស្ស៊ី បានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគ្រឿងយុទ្ធោបករណ៍ និង កងទ័ព នៅក្នុងការប្រយុទ្ធនេះ ហើយកងទ័ពអ៊ុយក្រែន និង រុស្ស៊ី បានទទួលរងការខាតបង់ដែរ។ ប៉ុន្ដែ រុស្ស៊ី មានឧត្ដមភាពលើធនធានមនុស្ស និងយោធា»។

មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានបន្ថែមថា «កម្លាំងទាហានរុស្ស៊ី មានឧត្តមភាព នៅទីនេះ ទាក់ទងនឹងចំនួនទ្រព្យសម្បត្តិ ដែលពួកគេអាចអនុវត្ត សម្រាប់ការប្រយុទ្ធ ទាក់ទងនឹងកម្លាំងទ័ព ឧបករណ៍ និង គ្រឿងសព្វាវុធ ហើយយើងគ្រាន់តែចងចាំក្នុងចិត្ត តែប៉ុណ្ណោះ»។
បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានឲ្យដឹងថា សង្គ្រាម ចន្លោះពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ រុស្ស៊ី បានបាត់បង់រថក្រោះ ចំនួន ១ ៣១៥គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន៦១៧គ្រឿង, យន្ដហោះចម្បាំង ចំនួន ២០៦គ្រឿង និង ឧទ្ធម្ភាគចក្រ ចំនួន១៧០គ្រឿង ហើយបាត់បង់កងទ័ព ជាង ២៩ ០០០នាក់៕