ក្រុមហ៊ុនលោកខាងលិចជាច្រើនបិទទ្វារឈប់រកស៊ីនៅរុស្ស៊ី ដើម្បីឆ្លើយតបនឹងសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែសម្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ការចាកចេញនេះ ជារឿងល្អ ព្រោះវា​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ក្នុងស្រុកអាចលូតលាស់ និងអាចជំនួសក្រុមហ៊ុនបរទេសទាំងនោះ។ លោក ពូទីន ក៏អះអាងថា​មូស្គូ​នឹង​អាចស្វែងរកផ្លូវផ្សេងពីទីផ្សារលោកខាងលិចក្នុងការទទួលបានបច្ចេក​វិទ្យា​ទំនើប និងទំនិញ​ប្រណីត​ផ្សេងៗ។

តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្ដើមមក ក្រុមហ៊ុនវិនិយោគបរទេសធំៗបានបិទទ្វារ និង​ចាក​ចេញពីរុស្ស៊ីក្នុងគោលបំណងដាក់សម្ពាធលើក្រុងមូស្គូ។ យ៉ាងណាមិញ អំឡុងការ​ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធវីដេអូទៅកាន់អតីតមេដឹកនាំសហភាពសូវៀត នៅថ្ងៃទី២៦ ខែឧសភា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន លើកឡើងថា ការចាកចេញរបស់ក្រុមហ៊ុនបរទេស ជារឿងល្អសម្រាប់រុស្ស៊ី ខណៈ​រុស្ស៊ី​បែរ​ទៅ​រក​ដៃគូផ្សេងទៀតដូចជាចិន​ និងឥណ្ឌាជាដើម។

«ពេលខ្លះនៅពេលដែលយើងក្រឡេកមើល (ក្រុមហ៊ុនបរទេស) ដែលចាកចេញ ប្រហែល​ជា​យើង​ត្រូវ​អរគុណព្រះព្រោះយើងនឹងអាចកាន់កាប់ទីផ្សារសំខាន់របស់ពួកគេវិញ។ អាជីវកម្មរបស់យើង ផលិតកម្មរបស់យើងបានរីកចម្រើន ហើយវានឹងមានសុវត្ថិភាព​នៅលើទឹកដី​រុស្ស៊ី»។ លោក ពូទីន សង្កត់​ធ្ងន់បែបនេះ ដោយចង់សំដៅលើភាពល្អប្រសើរក្នុងការ​រ​ក​ស៊ី​ជាមួយដៃគូក្នុងស្រុកជំនួស​ឱ្យ​ក្រុមហ៊ុន​បរទេសជាពិសេសលោកខាងលិច។

មេដឹកនាំរុស្ស៊ីរូបនេះក៏បានបន្តថា របស់ប្រណីតៗដូចជារថយន្ត Mercedes នឹងនៅតែមាន តែលោក​ទទួលស្គាល់ថា វាអាចនឹងមានតម្លៃថ្លៃជាងបន្តិចដោយសាររថយន្តបែបនោះអាចនឹងត្រូវ បាន​នាំចូល​ពី​ប្រទេសផ្សេងៗ។ ទាក់ទិនរឿងបច្ចេកវិទ្យាទំនើប លោក ពូទីន បញ្ជាក់ថា រុស្ស៊ីនៅ​តែ​ត្រូវការ​បច្ចេក​វិទ្យា​ទាំងនោះពីប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍ តែមិនមែនពីទីផ្សារ​លោក​ខាងលិច​ដោយ​ផ្ទាល់ទេ។ បើតាមប្រមុខរដ្ឋរុស្ស៊ី ការប៉ុនប៉ងរបស់លោកខាងលិចចង់ឱ្យរុស្ស៊ីនៅឯកោ នឹង​មិន​បានសម្រេចឡើយ ព្រោះប្រទេសមួយចំនួនកំពុងប្រឈមមុខ​នឹងអតិផរណា ការខ្វះខាតក្នុងការផ្គត់ផ្គង់ និង​វិបត្តិ​ស្បៀង​អាហារ​ជាដើម៕