ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយអំពីដំណឹងអកុសលចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតទាំងពីរនាក់​ នៅរសៀលថ្ងៃទី១៧ ខែឧសភានៅ ស្រុកឆែប ខេត្តព្រះវិហារ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីនៅស្រុកឆែប ខេត្តព្រះវិហារ។

យ៉ាងណាមិញគឺ​មាន​ហេតុភេទ​មួយ​ចំនួនបានកើត​ឡើងធ្វើ​ឲ្យ​គ្រប់គ្នា​ស្ដាប់​ហើយមានអារម្មណ៍តក់ស្លុតនិងព្រឺសម្បុរតែម្ដង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ដោយនាអំឡុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃគឺតារាស្រីចាស់វ ស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយនូវរឿងហេតុខ្លះៗរបស់ម្តាយ-ឪពុក សុវត្ថិឌី ធារីកា ថា គ្រាដែលអ្នកនាងនិងអ្នកជិតខាងបានអង្គុយជួបជុំគ្នា ដើម្បីពិភាក្សារៀបចំពិធីបុណ្យសពម្តាយ-ឪពុក ធារីកា ស្រាប់តែអ្នកភូមិផងរបងជាមួយបានបញ្ជាក់ថា មុន១អាទិត្យនៃថ្ងៃកើតហេតុនោះគឺម្តាយធារិកាបានទៅជួបគ្រូទាយជាមួយពួកគាត់ ហើយពេលនោះគ្រូទាយបានហាមមិនដាច់ខាតមិនឲ្យម្តាយនិងឪពុក សុវត្ថិឌី ធារីកាទៅទិសប៉ែកខេត្តព្រះវិហារនេះឡើយ ព្រោះលេខជីវិតគងលើសូន្យមានន័យថាអាចអស់ជីវិត។

ប្រភពបានបន្តថា ស្រាប់តែជិតដល់ថ្ងៃទៅព្រះវិហារ២ឬ៣ថ្ងៃ ម្តាយធារីកាក៏បានពិភាក្សាជាមួយអ្នកភូមិម្តងទៀតព្រោះគាត់មិនដឹងថាគួរទៅឬអត់ទេ? អំឡុងពេលនោះអ្នកជិតខាង ក៏បានឃាត់មិនឲ្យទៅនោះឡើយហើយពន្យល់ឲ្យ ធារិកា ជិះ​ឡាន​ទៅជាមួយនឹងតារាប្រុស អ៊ាម វន្នី។ ប៉ុន្តែម្តាយមិនទុកចិត្តឲ្យកូនទៅដោយសារគេឡើយ ក៏សម្រេច​ជូនកូនទៅតែម្តងព្រោះគាត់ក៏មិនសូវជឿលើពាក្យទំនាញរបស់គ្រូនោះប៉ុន្មានទេ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់​បន្ថែមថា នេះ​ជាហេតុមួយដែល​អ្នកជិតខាងនិយាយពេលដែលទៅមើលគ្រូជាមួយម្តាយ ធា​រិ​កា បាន​ប្រាប់​។

ជាក់ស្ដែងបើតាមសម្តីរបស់កញ្ញា សុវត្ថិឌី ធារិកា បញ្ជាក់ដែរថា ខ្លួនដូចកំពុងយល់សប្តិចាត់ទុករឿងនេះជាទំហំនៃការលះបង់ម្តាយឪពុកធំធេងខ្លាំងក្លាណាស់ ទោះដឹង មុនថាអាចមានគ្រោះតែនៅប្រថុយជម្នះ​ជូនកូនទៅ ព្រោះបារម្ភពីសុវត្ថិភាពកូនស្រី​ ៕