កូរ៉េខាងត្បូង៖ មានហេតុការណ៍អគ្គីភ័យឆាបឆេះរោងចម្រេញ់ប្រេងយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសកូរ៉េខាងត្បូង បណ្ដាលឱ្យមានអ្នករងរបួសចំនួន៨នាក់។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

នៅក្នុងករណីនេះផងដែរ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ និង៥២នាទី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការផ្ទុះ និងឆាបឆេះយ៉ាងខ្លាំងក្នុងរោងចក្រចម្រាញ់ប្រេងមួយកន្លែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អីស អូល (S-Oil) ក្នុងតំបន់ឧស្សាហកម្ម យូ ស្លែន  (Ulsan)។ បន្ទាប់ពីមានហេតុការណ៍នៃគ្រោះអគ្គីភ័យនេះកើតឡើង មន្ត្រីពន្លត់អគ្គីភ័យក៏បានចុះមកកាន់ទីតាំងភ្លាមៗ ព្រមទាំងបាននាំ​បុគ្គលិក១២០នាក់ និង រថយន្តពន្លត់អគ្គិភ័យចំនួន ៣៩ គ្រឿងត្រូវបានចល័តដើម្បីគ្រប់គ្រងស្ថានការណ៍មួយនេះ អស់រយៈពេល២ម៉ោងទើបភ្លើងរលត់។

ទាក់ទងនឹងការផ្ទុះរហូតបង្កជាគ្រោះអគ្គីភ័យនេះផងដែរ បានធ្វើឱ្យមានអ្នករងរបួសចំនួន៨នាក់ ដោយពួកគេសុទ្ធតែជាកម្មករ ដែលរងរបួស រលាកកម្រិតមធ្បមនៅលើមុខ និង បាតដៃ។ ក្នុងនោះគេក៏មិន ទាន់ដឹងច្បាស់ពីការការខូចខាត ក៏ដូចជាមូលហេតុនៃការផ្ទុះនេះនោះទេ ដោយស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន S-Oil គឺជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំទីបីរបស់កូរ៉េខាងត្បូងក្នុងចំណោមក្រុមហ៊ុនរូមមាន ក្រុមហ៊ុន Aramco Overseas  ជាម្ចាស់ភាគហ៊ុនធំជាងគេ បន្ទាប់ពី ក្រុមហ៊ុន Aramco ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕ ប្រភព៖ SanooK