ប្រទេសថៃ៖ ហេតុការណ៍ភ្លៀងធ្លាក់យ៉ាងធំ និងជោគជាំបណ្ដាលឱ្យមានការរអិលបាក់ដីយ៉ាងខ្លាំង រហូតលោកយាយម្នាក់រអិលធ្លាក់ចូលក្នុងប្រឡាយទឹក និងបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ នាយកដ្ឋានឧតុនិយមនៅក្នុងប្រទេសថៃ បានប្រកាសពីអាកាសធាតុដែលនឹងត្រូវមានភ្លៀងធ្លាក់យ៉ាងជោគជាំ និងអាចមានគ្រោះទឹកជំនន់នៅតាមតំបន់មួយចំនួនធំក្នុងប្រទេសថៃ ។ ទន្ទឹមនឹងនោះនៅក្នុង ភូមិ៨ ឃុំ Hua Ro ស្រុក Muang ខេត្ត Phitsanulok ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតបណ្ដាលឱ្យមានការបាក់រអិលដីជាច្រើនកន្លែង មិនតែប៉ុណ្ណោះការបាក់ដីនេះផងដែរបានបណ្ដាលឱ្យលោកយាយម្នាក់មានឈ្មោះថា លូក ឆិន អាយុ៦៧ឆ្នាំបាន រអិលធ្លាក់ចូលក្នុងប្រឡាយទឹកខណៈគាត់កំពុងជិះកងធ្វើដំណើរមកផ្ទះទាំងកណ្ដាលភ្លៀងធំ។ ក្រោយពីមានហេតុការណ៍នេះកើតឡើងមន្ត្រី ប៉ូលិស ខេត្ត  Phitsanulok ក៏បានប្រញាប់ប្រញាល់ទៅពិនិត្យជាមួយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ហើយក៏ចាប់ផ្ដើមចល័តគ្នាមុជទឹកស្វែងរកលោកយាយអស់រយៈពេល២ម៉ោងទើបរកឃើញសាកសព។

តាមការសាកសួររបស់ប៉ូលីសទៅកាន់ក្រុមគ្រួសារ បានឱ្យដឹងថាលោកយាយ លូក ឆិន គាត់តែងតែជិះកង់ត្រឡប់មកពីកណ្ដាលភូមិចូលផ្ទះវិញនៅពេលល្ងាចរៀងរាល់ថ្ងៃ តែនៅក្នុងថ្ងៃកើតហេតុនោះ គឺមានភ្លៀងធ្លាក់ និងមានការបាក់ដី ព្រមទាំងដាច់ផ្លូវផងដែរ ហើយប្រហែលការធ្លាក់ទឹកប្រឡាយនេះអាចបណ្ដាលមកពីគាត់ឆ្លងផ្លូវដាច់មិនដល់ក៏រអិលធ្លាក់ចូលក្នុងប្រឡាយបណ្ដាលឱ្យលង់ទឹកស្លាប់។

ទោះជាយ៉ាងណាប៉ូលិសក៏បានធ្វើការត្រួតពិនិត្យបន្ថែម ហើយក៏ប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ បន្ថែមពីនោះអាជ្ញាធរក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងរដូវភ្លៀងធ្លាក់មួយនេះ៕ ប្រភព៖ Khaosod