ប្រទេសថៃ៖ ករណីបុរសចម្លែកមុខម្នាក់ដើរចូលក្នុងផ្ទះអ្នកដ៏ទៃ ទាំងម្ចាស់មិននៅ តែសំណាងល្អម្ចាស់បើកកាំមេរ៉ាសុវត្តិភាពមើលទាន់ ក៏ប្រញាប់មកផ្ទះហើយធ្វើការចាប់ខ្លួនបានភ្លាមៗ ហេតុការណ៍នេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នា២០២២កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

យោងតាមការចុះផ្សាយខាងលើបានឱ្យុដឹងថាហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងប្រទេសថៃ ​មាន ម្ចាស់ហ្វេសប៊ុកផេក ឈ្មោះ Chompunut Pimsin លោកបានបង្ហោះនូវរូបភាពដែលបានផ្ដិតជាប់ពីកាំមេរ៉ាសុវត្តិភាពក្នុងផ្ទះរបស់គាត់ អមជាមួយនឹងសាររៀបរាប់ពីបុរសចម្លែកមុខម្នាក់បានដើរចូលទៅក្នុងផ្ទះរបស់គាត់ដោយមិនខ្លាចរអែងអ្វីទាំងអស់ ទោះបីគ្មានម្ចាស់នៅខាងក្នុងក៏ដោយ។ ក្រឡេកទៅមើលមុខមាត់របស់គេវិញពិតជាគួរឱ្យខ្លាច ហើយសម្មភាពចូលដើរចូលក្នុងផ្ទះគេដោយគ្មានការអនុញ្ញាតនេះត្រូវបានគេសង្ស័យថាគឺក្នុងបំណងមិនល្អ។ ទាក់ទងនឹងករណីនេះដែរ ម្ចាស់អាខោនពេលដែលគាត់បានឃើញក្នុងកាំមេរ៉ាដែលភ្ជាប់មកកាន់ទូរស័ព្ទដៃខ្លួន ហើយក៏ប្រញាប់ប្រញាល់ទៅផ្ទះភ្លាមៗ ព្រោះនៅខាងក្នុងបន្ទប់មានប្អូនស្រីរបស់គាត់កំពុងតែគេងលេង ប្រសិនបើជនខិលខូចនោះបើកឃើញនឹងអាចមានបញ្ហាជាក់ជាមិនខាន។ ក្រោយពីបានធ្វើដំណើរដល់ផ្ទះលោកក៏បានប្រមូលអ្នកភូមិមកជួយចាប់ជនខិលខូចនោះភ្លាមៗហើយ បានហៅប៉ូលីសបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរបន្ថែម  ក្នុងនោះគេបានស៊ើបអង្កេតដឹងថាបុរសរូបនោះមានអាយុ៣១ឆ្នាំ ទើបតែចេញពីគុកទាក់ទងនឹងករណីប្លន់  ហើយធ្លាប់ត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈក្នុងឆ្នាំ ២០១៧ផងដែរ។

ក្រោយពីបានដឹងនូវប្រវត្តិជនសង្ស័យ ម្នាក់នេះហើយធ្វើឱ្យមហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានសរសើរពីទឹកចិត្តបងប្រុសដែលប្រញាប់មកផ្ទះវិញ បើមិនដូចនោះទេប្អូនស្រីដែលនៅម្នាក់ឯងអាចមានគ្រោះថ្នាក់ជាក់ជាមិនខាន។

យ៉ាងណាមិញអាជ្ញាធរក៏បានដាស់តឿនអ្នកគ្រប់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សចម្លែកមុខ ហើយបើត្រូវចេញទៅក្រៅផ្ទះគួរតែមានការត្រួតពិនិត្យ និងចាក់សោឱ្យបានត្រឹមត្រូវចៀសវាងដូចជាករណីខាងលើ៕ ប្រភព៖ Kapook