ប្រទេសចិន៖ មានហេតុការណ៍មួយដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីមានបុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពីមានទម្លាប់ផឹកតែទឹកដោះគោមួយថ្ងៃ៤ដង រហូតបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះឈាមរបស់គេបានក្លាយជាទឹកដោះគោផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងករណីនេះផងដែរបានកើតឡើងចំពោះបុរសម្នាក់ដែលមានឈ្មោះថា Tan មានវ័យ ២៤ឆ្នាំជាជនជាតិចិន រស់នៅក្នុងទីក្រុង Liuzhou នៃប្រទេសចិន ដោយលោកតែងតែមានទម្លាប់ក្នុងការផឹកនូវតែទឹកដោះគោជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃ៤ដង រហូតក្នុងពេលថ្មីៗនេះលោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់មួយកន្លែង បន្ទាប់ពីមានការឈឺពោះធ្ងន់ធ្ងរដោយមិនដឹងពីមូលហេតុ ជាមួយនឹងការចង្អោរនិងក្អួតធ្ងនធ្ងរ។ ក្នុងនោះផងដែរក្រុមគ្រូពេទ្យបានមកជួយពិនិត្យមើល ដោយយកគំរូឈាមនៅចុងម្រាមដៃរបស់ Tan ដើម្បីវាស់ជាតិស្ករក្នុងឈាម ប៉ុន្តែលទ្ធផលបានបង្ហាញថា ជាតិស្ករក្នុងឈាមរបស់គាត់គឺ “ខ្ពស់ជាងកម្រិតដែលឧបករណ៍អាចវាស់បាន” ធ្វើឱ្យវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យដោយប្រើការធ្វើតេស្តឈាមតាមសរសៃឈាមវិញ។ ពេលលទ្ធផលចេញមក កម្រិតជាតិស្ករក្នុងឈាមរបស់គាត់គឺខ្ពស់ជាងធម្មតាបួនដង មិនតែប៉ុណ្ណោះអ្វីដែលបានរកឃើញលើសពីនេះឈាមរបស់អ្នកជំងឺលោក Tan បានប្រែទៅជាទឹកដោះគោរហូតធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង ។ រោគសញ្ញានេះបានចង្អុលបង្ហាញថាគាត់ទទួលរងពីជំងឺលើសជាតិខ្លាញ់ក្នុងឈាម លើសពីនេះសរីរាង្គជាច្រើនត្រូវបានបំផ្លាញ រួមទាំងឈាមអាស៊ីតពីជំងឺទឹកនោមផ្អែម ការខ្សោយតំរងនោមស្រួចស្រាវ ជំងឺលើសឈាម លើសអាស៊ីតអ៊ុយរិក ខ្លាញ់រុំថ្លើម ចង្វាក់បេះដូងលោតញាប់ និងជំងឺរលាកលំពែងស្រួចស្រាវ ជាលទ្ធផលរាងកាយរបស់គាត់គឺដូចជាបុរសចំណាស់ដែលមានអាយុ៦០ឆ្នាំ។

ទាក់ទងនឹងបញ្ហានេះផងដែរក៏បានបញ្ជូន​ Tan ទៅកាន់បន្ទប់ ICU ជាបន្ទាន់ដើម្បីព្យាបាល ក្នុងនោះក្រុមគ្រូពេទ្យក៏បានប្រាប់ពីមូលហេតុដែលបណ្ដាលឱ្យ Tan ទទួលរងនូវបញ្ហនេះនោះគឺការទទួលទានតែទឹកដោះគោហួសកម្រិតដែលរាងកាយមិនអាចទទួលយកបាន៕ប្រភព៖ Kapook