អន្តរជាតិ៖ តម្លៃប្រេងសាំងនៅក្នុងប្រទេសឡាវ ក្នុងថ្ងៃនេះបានឡេីងដល់​ ៧ ៥០០រៀលក្នុងមួយលីត​ ដោយពលរដ្ឋឡាវងើបតាំងពីម៉ោង៤ព្រឹក​ ដេីម្បីតម្រង់ជួរចាំចាក់សាំង​ និង​ កណត់ដោយក្នុងមួយនាក់ទិញបានត្រឹមតែ៤០ដុល្លារ​តែប៉ុណ្ណោះ​។ ស្ថានីយ​ប្រេងជាច្រេីនមិនមានប្រេងសាំងលក់​ ដោយពលរដ្ឋឡាវបានផ្សងព្រេងស្វែងរកសាំងពីការ៉ាក់សាំងមួយទៅការ៉ាក់សាំងមួយដោយអស់សង្ឃឹម។

ប្រឈមមុខនឹងការខាតបង់ដោយសាររូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះថ្លៃ និងកង្វះទុនបម្រុងបរទេស ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈគ្មានលទ្ធភាពបន្តទិញប្រេងបានទេ។ តាមពិត ក្រុមហ៊ុននាំចូលបានឱ្យដឹងថា ពួកគេអាចផ្គត់ផ្គង់បានតែ ២០% នៃបរិមាណតម្រូវការប្រេងឥន្ធនៈសរុបរបស់ប្រទេសឡាវប៉ុណ្ណោះ។

សេចក្តីរាយការណ៍នានាបានបង្ហាញថា ប្រទេសឡាវត្រូវការប្រេងប្រហែល ១២០លានលីត្រក្នុងមួយខែ ដោយបច្ចុប្ប្ននេះ ក្រុមហ៊ុននាំចូលអាចមានលទ្ធភាពនាំចូលតែប្រហែល ២០លានលីត្រប៉ុណ្ណោះ។

ក្រុមហ៊ុនរដ្ឋឡាវនេះបានជូនដំណឹងដល់អ្នកលក់បន្តរបស់ខ្លួនដោយសោកស្ដាយថា វាបានឈានដល់ចំណុចមួយដែលក្រុមហ៊ុននេះ «លែងអាចបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនបានទៀតហើយ»។

រដ្ឋាភិបាលឡាវបានព្យាយាមជាច្រើនដងដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈ ដោយរដ្ឋសភាជាតិឡាវបានយល់ព្រមកាត់បន្ថយពន្ធគយលើប្រេងឥន្ធនៈ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ ហើយក្រសួងហិរញ្ញវត្ថុព្យាយាមគ្រប់គ្រងអត្រាប្តូរប្រាក់។

ប៉ុន្តែជាមួយនឹងអតិផរណាដែលកើនឡើងខ្លាំង ការធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណក្នុងស្រុក និងការគ្មានទុនបម្រុងរូបិយប័ណ្ណបរទេស ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនានា មិនប្រាកដថា តើពួកគេនឹងអាចបន្តការនាំចូលបានយូរប៉ុណ្ណានោះទេ​ ៕