ភ្នំពេញ៖ នាមុននេះបន្តិចនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារមួយពាក់ព័ន្ធនឹងការបង្ការជំងឺលើសឈាម ដោយមានខ្លឹមសារដូច្នេះថា៖ «យេីងរួមគ្នាបង្ការជំងឺលេីសឈាម​ ការមានចានទឹកជ្រលក់បន្ថែម​ ច្រេីនជាចានដាក់ទឹកត្រីឬទឹកស៊ីអ៊ីវ​ ដែលមានផ្ទុកជាតិអំបិល​ ដែលងាយបង្កជំងឺលេីសឈាម​»។

យ៉ាងណាមិញបើតាមការយល់ឃើញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ចានដាក់ទឹកជ្រលក់​ សំដៅដល់ការដាក់ទឹកត្រី​ ឬទឹកស៊ីអីវ​ ហេីយការដែលបរិភោគអាហារប្រៃជាប្រចាំ​ អាចបង្ករអោយសំពាធឈាមឡេីងខ្ពស់​ ម្ល៉ោះហេីយបានជារូបភាពផ្សព្វផ្សាយនេះ​ មានចេតនាសំណូមពរអោយដកចានទឹកជ្រលក់ចេញ។

ហើយម្យ៉ាងទៀត គ្រប់ម្ហូបដែលធ្វើចេញមកគឺមាន​ ជាតិប្រៃ ​ជាតិផ្អែម ស្រាប់ហើយបើយើងបរិភោគជាមួយទឹក ជ្រលក់ទៀតគឺកំរិតជាតិប្រៃ ជាតិផ្អែម ដែលយើងបរិភោគចូលទៅកាន់តែមានច្រើនបន្ថែមទៅទៀតហូបប្រៃ លើសសម្ពាធឈាម ហូបផ្អែម ទឹកនោមផ្អែម។

គួរបញ្ជាក់ថា ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា ៕