ប្រទេសអេក្វាឌ័រ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានអ្នកទោសស្លាប់ជាច្រើននាក់ធ្វើកុប្បកម្មនៅក្នុងពន្ធនាគារមួយកន្លែងរហូតបណ្ដាលឱ្យមានអ្នកស្លាប់រាប់សិបនាក់ និងរងរបួសច្រើននាក់ផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ទាក់ទងនិងករណីដ៏រន្ធត់នេះផងដែរបានកើតឡើងនៅក្នុង ពន្ធនាគារ Santo Domingo ដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រពីទីក្រុង Quito នៃប្រទេសអេក្វាឌ័រ ដោយក្នុងកុប្បកម្មដ៏ឃោឃៅនេះផងដែរបានបង្កដោយ ក្រុមអ្នកទោសដែលមានឈ្មោះថា Los Lobos និងគូប្រជេងក្រុម R7 ដែលឆាកប្រយុទ្ធនេះបានបណ្ដាលឱ្យមានអ្នកទោសស្លាប់ក្នុងថ្លុកឈាមរហូតទៅដល់៤៤នាក់ ហើយក្នុងការប្រើអំពើហឹង្សាររវាងក្រុមទាំងពីនេះផងដែរក៏បានធ្វើឱ្យអ្នកទោសចំនួន១០៨នាក់រត់គេចខ្លួនបានសម្រេច ខណៈពេលកំពុងមានភាពវឹកវរខ្លាំង ហើយនៅសល់អ្នកទោសចំនួន១១២នាក់ប៉ុណ្ណោះ។

ក្នុងហេតុការនេះផងដែរបានធ្វើឱ្យក្រុមគ្រួសារអ្នកទោសទាំងអស់មានក្ដីបារម្ភជាខ្លាំងបានត្រឹមតែឈរមើលដោយភាពតក់ស្លុតខាងក្រៅបរិវេណនៃពន្ធនាគារនោះតែប៉ុណ្ណោះ ហើយឡានពេទ្យជាច្រើនកំពុងតម្រង់ជួរគ្នាដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ និងព្យាបាលរបួស។

គួរបញ្ជាក់ផងដែរថាយោងតាមអគ្គស្នងការនគរបាលជាតិ លោក Fausto Salinas បាននិយាយថា ហេតុការណ៍នៃការប្រើអំពើហឹង្សានេះគឺបណ្តាលមកពីការឈ្លោះប្រកែកគ្នាជុំវិញការផ្ទេរអ្នកទោសថ្មីដែលគេស្គាល់ឈ្មោះថា Anjundia មកពន្ធនាគារនេះ កាលពីដើមខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។

យ៉ាងណាមិញប្រធានាធិបតីលោក Guillermo Lasso បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបាននិយាយថា វាគឺជាលទ្ធផលនៃអំពើហឹង្សាពីសំណាក់ក្រុមក្មេងទំនើង ក្នុងនោះលោក Patrizio Carrillo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាឌ័រ ក៏បានសរសេរនៅលើ twitter ផ្ទាល់ខ្លួនថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីជម្នះបញ្ហានៃប្រព័ន្ធពន្ធនាគារ ព្រមទាំងធ្វើការស្វែងរកដំណោះស្រាយរហ័សនៅក្នុងបរិយាកាសនៃអំពើហឹង្សាដ៏មានភាពស្មុគស្មាញមួយនេះ ព្រោះចាប់តាំងពីខែកុម្ភៈ ២០២១មក ចំនួនអ្នក ទោសដែលស្លាប់ក្នុងការធ្វើកុប្បកម្មជាញឹកញាប់មានចំនួនជិត ៤០០ នាក់ទៅហើយ៕ ប្រភព៖ Khaosod