ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ក្រុមព្រះសូរិយាបានឲ្យដឹងថា៖ «អ្នកអង្គម្ចាស់​ ស៉ីសុវត្ថិ​ រដ្ឋារី​ ឌីម៉ង់​ ព្រះអនុជពៅនៃអ្នកអង្គម្ចាស់​ ស៉ីសុវត្ថិ​ សិរិមតៈ​ បានសោយទិវង្គត​ដោយព្រះរោគាពាធ នៅមន្ទីរពេទ្យ​មួយក្នុងទីក្រុង Anaheim រដ្ឋកាលីហ្វ័ញ៉ា​ សហរដ្ឋអាមេរិក​ វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី​ ៨​ ខែឧសភា​ ឆ្នាំ២០២២​ ម៉ោងនៅសហរដ្ឋអាមេរិក​ ត្រូវនិងម៉ោង៤ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ​ ក្នុងព្រះជន្មាយុ​ ៨៧ព្រះវស្សា។

ក្រុមព្រះសុរិយា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​នេះជាមួយក្រុមព្រះញាតិនៃព្រះសពពីចម្ងាយ។
ទូលព្រះបង្គំ​ ទាំងអស់សូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ​ សូមយាងទៅសោយសុខក្នុងបរមសុគតិភពកុំបីឃ្លាងឃ្លាតឡេីយ។
សូមជ្រាបផងដែរថា​ អ្នកអង្គម្ចាស់​ ស៉ីសុវត្ថិ​ រដ្ឋារី​ ឌីម៉ង់​ ទ្រង់ប្រសូតនៅឆ្នាំ១៩៣៤ នារាជធានីភ្នំពេញ​ ជាព្រះបុត្រាពៅនៃព្រះអង្គម្ចាស់​ ស៉ីសុវត្ថិ​ រដ្ឋារី​ និងអ្នកម្នាង​ សួង​។ អ្នកអង្គម្ចាស់​ បបានបំពេញវិជ្ជានៅវិទ្យាល័យព្រះស៉ីសុវត្ថិ ហេីយបានចូលបំរេីការងាររាជការ​ជាបន្តបន្ទាប់​ រហូតដល់ឆ្នាំ១៩៧០​ ទ្រង់យាងទៅបំពេញការងារ​ ការទូតនៅប្រទេសលាវ​។
នៅឆ្នាំ១៩៧៥​ ពេលខ្មែរក្រហមឡេីងកាន់អំណាច​ អ្នកអង្គម្ចាស់​ និងក្រុមព្រះញាតិផ្ទាល់ព្រះអង្គក៏យាងភៀសព្រះកាយទៅគង់សហរដ្ឋអាមេរិក​ រហូតដល់សព្វថ្ងៃ» ៕