ប្រទេសចិន៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីមានអ្នកស្រាវជ្រាវក៏ដូចជាអ្នករុករកនូវរូងភ្នំបានប្រទះឃើញអន្លង់យក្សដ៏ធំមួយនៅក្នុងព្រៃជ្រៅ ដែលមានជម្រៅរាប់រយម៉ែត្រ ព្រមទាំងមានដើមឈើធំៗដុះរីកលូតលាស់ជាច្រើន នៅក្នុងនោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ការប្រទះឃើញនូវរូងភ្នំដ៏ធំសម្បើមនេះគឺស្ថិតនៅស្រុក Leye តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូង នៃប្រទេសចិន ដោយលោក Zhang Yuanhai វិស្វករជាន់ខ្ពស់នៃវិទ្យាស្ថានភូមិសាស្ត្រ Karst ក្រោមការិយាល័យស្ទាបស្ទង់ភូមិសាស្ត្រនៃប្រទេសចិន លោកបាននិយាយថាប្រហោងដ៏ធំមួយនេះគឺជាអន្លងយក្ស ដែលគេហៅតាមភាសាចិនថា ធានខេង (Tian Keng) ដែលសំដៅទៅលើអាងទឹក ឬអន្លង់យក្សដែលបានកើតឡើងពីការបាក់រលំម្ដងហើយម្ដងទៀតនៅក្នុងរូងភ្នំបុរាណ។ ទន្ទឹមនឹងនេះអន្លង់យក្សមួយនេះត្រូវបានគេឱ្យដឹងថាមានទទឹង ១៥០ ម៉ែត្រ បណ្តោយ ៣០៦ ម៉ែត្រ និង ជម្រៅ ១៩២ ម៉ែត្រ ដែលមានបរិមាណអាចផ្ទុកទឹកបានលើសពី ៥ លានម៉ែត្រគីប ហើយការធ្វើដំណើរដើម្បីទៅដល់បាតអន្លង់យក្សនេះអ្នកស្រាវជ្រាវត្រូវប្រើរយៈពេលជាច្រើនម៉ោងទើបទៅដល់ លើសពីនេះពេលទៅដល់គោលដៅគេបានប្រទះឃើញជញ្ជាំងនៃអន្លង់នោះមានច្រករូងភ្នំធំៗចំនួនបី ក្នុងនោះផងដែរ ក្នុងអន្លង់មួយនេះមានដើមឈើបុរាណជាច្រើនបានដុះរីកលូតលាស់យ៉ាងល្អ ដោយមានដើមឈើខ្លះមានកម្ពស់រហូតទៅដល់៤០ម៉ែត្រក៏មានព្រោះតែលក្ខខណ្ឌអាកាសធាតុនៅក្នុងនោះមានលក្ខណៈអំណោយផល។

យ៉ាងណាមិញលោក Zhang Yuanhai បានបន្ថែមថាអន្លង់ប្រភេទនេះគេតែងតែរកឃើញភាគច្រើននៅក្នុងប្រទេសចិន ប្រទេសម៉ិកស៊ិក និងប្រទេសប៉ាពួញូហ្គីណេ ដែលជាប្រទេសមានភូមិសាស្ត្រពិសេស និងមានលក្ខណៈស្រដៀងគ្នាបែបនេះ៕ ប្រភព៖ Khaosod