ដើម្បីសម្រេចបានភាពជោគជ័យក្នុងអាជីពការងារ អ្នកត្រូវតែធ្វើខ្លួនក្លាយជាបុគ្គលិកដ៏ពូកែមួយរូបក្នុងកន្លែងការងារ ។ជាក់ស្តែងការព្យាយាមឱ្យក្លាយជាបុគ្គលិកឆ្នើម ទើបធ្វើឱ្យអ្នកមានភាពលេចធ្លោនៅក្នុងចំណោមមិត្តរួមការងារ និងអាចទទួលឱកាសច្រើនក្នុងការអភិវឌ្ឍខ្លួន។
ខាងក្រោមនេះ គឺជាគន្លឹះដែលអាចក្លាយជាបុគ្គលិកឆ្នើម៖
១. ធ្វើតាមការណែនាំរបស់ក្រុមហ៊ុន
មុនពេលចាប់ផ្តើមធ្វើការងារអ្វីមួយ អ្នកត្រូវតែស្តាប់ការណែនាំរបស់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងបង្កើតឱ្យមានកំហុសឆ្គង ។ការគោរពតាមគោលការណ៍របស់ក្រុមហ៊ុន វាគឺជាការបង្ហាញគំរូដ៏ល្អ សម្រាប់បុគ្គលិកដទៃទៀតដែរ។
២. ឆ្ពោះទៅរកការសម្រេចគោលដៅរបស់ក្រុមហ៊ុន
ដឹងពីគោលដៅក្រុមហ៊ុន និង ព្យាយាមរកវិធីដើម្បីដោះស្រាយស្វែងរកការសម្រចគោលដៅនោះ។ក្នុងនាមជាបុគ្គលិកឆ្នើម ត្រូវកត់ត្រារាល់ពត៍មានដែលចាំបាច់ ក្នុងពេលប្រជុំម្តងៗ ការយកចិត្តទុកដាក់ នឹងបង្រៀនអ្នកឱ្យចេះរិះគិត ធ្វើយ៉ាងណាឱ្យការងារកាន់តែមានការរីកចម្រើន។
៣.គោរពនិងអោយតំលៃចំពោះមនុស្សរាល់គ្នា
សូមចាំពាក្យមួយឃ្លាថា បើចង់ឱ្យគេគោរព យើងក៏ត្រូវមានការគោរពចំពោះគេដូចគ្នាដែរ ការចេះប្រើសម្តី ការមានសីលធម៍ ការមានទំនួលខុសត្រូវ ដោយមិនបំពានទៅលើនរណាម្នាក់ ។ដូច្នោះរាល់ពេលប្រជុំអ្នកត្រូវប្រាកដចិត្តថា មនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសក្នុងការនិយាយ ឬ លើកឡើងអំពីមតិយោបល់របស់គេដែរ ការស្តាប់មតិរបស់គេច្រើនក៏ជាការបង្ហាញពីការគោរពចំពោះគ្នាទៅវិញទៅមកដែរ។
៤.កុំអំនួត
ការព្យាយាមធ្វើខ្លួនឱ្យមានតម្លៃវាជារឿងត្រឹមត្រូវ ប៉ុន្តែក៏មិនមែនធ្វើខ្លួនរហូតដល់ក្លាយជាមនុស្សអំនួតជ្រុល ឬ គិតថាគេមិនអាចខ្វះយើងបានឡើយ។
៥. ផ្តោតលើដំណោះស្រាយ
ជាជាងការផ្តោតទៅលើបញ្ហា អ្នកគួរតែធ្វើខ្លួនឱ្យក្លាយជាបុគ្គលិកដែលនាំមកនូវតែដំណោះស្រាយ ការគិតស៊ីជម្រៅ និង ភាពច្នៃប្រឌិតបញ្ហាស្មុគស្មាញមកជារឿងល្អប្រសើរវិញ។
៦. បើកចិត្តទទួលយកការផ្លាស់ប្តូរ
អ្នកអាចក្លាយជាបុគ្គលិកឆ្នើមបាន លុះត្រាតែអ្នកជាមនុស្សពូកែបត់បែន ហ៊ានប្រឈម និង យកឈ្នះលើស្ថានការណ៍ណាមួយបាន ។មនុស្សម្នាក់ៗសុទ្ធតែមានចំនុចខ្លាំង និង ចំនុចខ្យោយរៀងៗខ្លួន ការបើកចិត្តទទួលយកការផ្លាស់ប្តូរ កំពុងបង្រៀនអ្នកឱ្យរៀនកែប្រែបញ្ហាឱ្យក្លាយទៅជាឱកាស។
៧. ចេះទទួលស្គាល់កំហុសខ្លួនឯង
ការទទួលខុសត្រូវចំពោះកំហុសខ្លួនឯង វាគឺជាការបង្ហាញឱ្យឃើញថាអ្នកជាមនុស្សស្មោះត្រង់ម្នាក់ ។
៨. ការបង្កើតទំនាក់ទំនង
ការចេះបង្កើតទំនាក់ទំនងល្អ ក្នុងកន្លែងការងារ ជាមួយនឹងមិត្តរួមការងារ វានឹងបន្ថែមបរិយាកាសការងារឱ្យកាន់តែមានភាពសប្បាយរីករាយ ។នរណាៗ គេនឹងនឹកឃើញអ្នកមុនគេ ថាអ្នកជាមនុស្សម្នាក់ដែលមានទំនាក់ទំនងល្អក្នុងក្រុមការងារ៕

ប្រភព: indeed .com