អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា រុស្សី បាននឹងកំពុងបង្ហើបប្រាប់ពិភពលោកទាំងមូលកុំឱ្យមើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ អមជាមួយការព្រមានថាអាវុធដែលលោកខាងលិច បញ្ជូនឱ្យអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ខ្លួន។

ការព្រមានខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ឡារ៉ូវបានព្រមានដូច្នេះថា «បច្ចុប្បន្ន, ហានិភ័យមានច្រើនសន្ធឹកសន្ធាប់។ ខ្ញុំមិនចង់ឃើញហានិភ័យ បែបនេះទេ តែមានមនុស្សមួយចំនួនប្រហែលចូលចិត្តបែបនោះ។ គ្រោះថ្នាក់គឺមានពិតប្រាកដ ហើយយើងមិនត្រូវមើលស្រាលវាឡើយ»។

លោក ឡារ៉ូវ ធ្វើការកត់សម្គាល់បែបនេះឆ្លើយតបទៅនឹងសំណួរពីសារៈសំខាន់នៃការបញ្ចៀសសង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរ និងថាតើ ស្ថានភាពបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរជាងវិបត្តិមីស៊ីលគុយបា រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៦២ ដែរឬក៏យ៉ាងណា។ តែ បើគេចាំមិនភ្លេចទេ រដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះក៏ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះដែរថារុស្ស៉ីនឹងមិនប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន នោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក, បារាំង, សាធារណរដ្ឋឆែក និងសម្ព័ន្ធមិត្តផ្សេងទៀត កំពុងបញ្ជូនកាំភ្លើងធំបាញ់រយៈចម្ងាយឆ្ងាយ howitzers ទៅឱ្យអ៊ុយក្រែន ខណៈដែលរុស្ស៉ីបង្កើនការវាយប្រហារក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន​ ៕