រាជធានីបាងកក៖ ក្រោយពេលផ្ទុះការរាតត្បាត ពីជំងឺកូវីដ-១៩ បានធ្វើឲ្យប្រទេសថៃ ក៏ដូចជា ពិភពលោក ខាតបង់ប្រាក់ចំណូលយ៉ាងធំធេងបំផុត ជាពិសេស វិស័យទេសចរណ៍ ប៉ុន្ដែទោះជាយ៉ាងណា ក្រោយពេលស្ថានភាពជំងឺដ៏កាចសាហាវនេះ បានធូរស្បើយនោះ រដ្ឋាភិបាលក្រុងបាងកក កំពុងតែមានក្ដីសង្ឃឹមឡើងវិញ នៅក្នុងការប្រមូលលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីភ្ញៀវទេសចរ នៅក្នុងខែតុលា ខាងមុខនេះ។

សារព័ត៌មាន The Thaiger បានផ្សាយថា អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានអះអាងថា ប្រសិនបើប្រទេសជាតិ បានបើកដំណើរការឡើងវិញទាំងស្រុង នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២នេះ ថៃ អាចនឹងទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ យ៉ាងតិច៥លាននាក់ នៅត្រឹមពាក់កណ្ដាល ឆ្នាំ២០២២។ ម្យ៉ាងវិញទៀត ប្រសិនបើប្រទេសចិនលុបចោលនូវការរឹតបន្តឹង នៅក្នុងការធ្វើដំណើរជាលក្ខណៈអន្តរជាតិ ទៅលើពលរដ្ឋរបស់ខ្លួននោះ ភ្ញៀវទេសចរអន្តរជាតិ អាចនឹងសម្រុកមកកាន់ប្រទេសថៃ កើនឡើង ចន្លោះពី៧-៨លាននាក់ នៅចុងឆ្នាំនេះ។

លោក វិចិត ប្រាកូបហ្គូសូល (Vichit Prakobgosol) អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានបញ្ជាក់ថា ចិន មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ចន្លោះពីថ្ងៃទី១-៧ ខែតុលា។ នៅពេលអ្នកទេសចរចិន អាចមកលេងប្រទេសថៃបាន ចំពេលព្រះរាជាណាចក្រអាស៊ានមួយនេះ បើកដំណើរការប្រទេសឡើងវិញឲ្យឆាប់ៗបំផុតនោះ ក៏ជាឱកាសកាន់តែល្អបំផុត នៅក្នុងការរក្សាបាននូវគោលដៅទេសចរណ៍ដ៏ល្បីល្បាញទាំងនេះ។

លោក វិចិត ប្រាកូបហ្គូសូល (Vichit Prakobgosol) អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានព្យាករថា ថៃនឹងទាញយកភ្ញៀវទេសចរ មកវិញ បានចំនួន៧០ភាគរយ ក្នុងចំណោមអ្នកដើរកម្សាន្ដរបស់ខ្លួនមុនការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅឆ្នាំក្រោយ និង ទាក់ទាញភ្ញៀវទេសចរបាន១០០ភាគរយ នៅក្នុងឆ្នាំ២០២៤។

លោកអនុប្រធាន បានកត់សម្គាល់ឃើញថា ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩នោះមក ភ្ញៀវទេសចរបានធ្វើដំណើរជាក្រុមតូចៗ ហើយបានផ្តោត លើសកម្មភាពលំហែកាយ កាន់តែច្រើន និង ចំណាយពេលច្រើន នៅក្នុងសណ្ឋាគារ។

ប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ បានឈ្នះពានរង្វាន់មួយជាមួយនឹងទស្សនាវដ្ដីធ្វើដំណើររបស់ចិន សម្រាប់ «ទិសដៅធ្វើដំណើរទៅបរទេសដ៏ពេញនិយមបំផុត នៅក្នុងឆ្នាំ២០២១»។ ជាមួយគ្នានេះដែរ ប្រទេសចិន ក៏បានផ្តល់រង្វាន់ដល់អាជ្ញាធរទេសចរណ៍ថៃ ក្រោមប្រធានបទ «ដៃគូល្អបំផុត» និង «ដៃគូល្អ» ផងដែរ។ ពានរង្វាន់ទាំងនេះ គឺសម្រាប់ទីផ្សារ និង ការគាំទ្រឧស្សាហកម្មរបស់ថៃ ផងដែរ។ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបាត់បង់តំណែងជាគោលដៅទេសចរណ៍កំពូលរបស់ខ្លួន សម្រាប់ភ្ញៀវទេសចរចិន។

មុនពេលផ្ទុះឡើង នៃជំងឺកូវីដ-១៩នេះ អ្នកទេសចរចិន បានកើនឡើង ចន្លោះពី២៥-៣០ភាគរយ នៅក្នុងចំណោមអ្នកចូលមកដើរលេងកម្សាន្ដ នៅក្នុងប្រទេសថៃ។ ប្រទេសថៃ កាលពីឆ្នាំ២០១៩ បានទទួលភ្ញៀវទេសចរបរទេស សរុប ជិត៤០លាននាក់។ ប៉ុន្ដែនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលថៃ បានរាយការណ៍ថា ប្រទេសអាស៊ានមួយនេះ បានបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ប្រហែល៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក៕