រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយលុកយ៉ាងសន្ធាប់ ទៅលើកងទ័ពអ៊ុយក្រែន នោះ សហរដ្ឋអាមេរិក បានបង្កើតដ្រូនពិសេសមួយប្រភេទ សម្រាប់ជួយដល់កម្លាំងការពារទឹកដី នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ យកទៅប្រើប្រាស់ វាយបកទប់ទល់នឹងសត្រូវឈ្លានពាន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា មន្ទីរបញ្ចកោណ បានបង្កើត Ghost Drone ឬ ដ្រូនបិសាច សម្រាប់ជួយដល់កងទ័ពអ៊ុយក្រែន យកទៅប្រើប្រាស់ ប្រឆាំងនឹងកម្លាំងយោធារុស្ស៊ី។

បើតាមបណ្ដាញទូរទស្សន៍ CNBC បានឲ្យដឹងថា ដ្រូនបិសាចនេះ បានផលិតឡើង ដោយក្រុមហ៊ុនអេវ៉ែក្ស អ៊ែរ៉ូស្ពេស ( Aevex Aerospace) ហើយវាមានសមត្ថភាព ស្រដៀងគ្នាទៅនឹងដ្រូនកាមីកាស (Kamikaze) ឬ Switchblade UAS ដែលប្រើតែមួយដង ផលិតដោយក្រុមហ៊ុនAeroVironment នោះដែរ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក ក៏កំពុងតែបញ្ជូនដ្រូន Switchblade យ៉ាងហោចណាស់ ចំនួន៣០០គ្រឿងបន្ថែមទៀត ទៅជួយដល់កងទ័ពអ៊ុយក្រែន។

មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ថា មន្ទីរបញ្ចកោណ បានបង្កើតអាវុធពិសេសមួយប្រភេទ សម្រាប់អ៊ុយក្រែន យកទៅប្រើប្រាស់ ប្រឆាំងនឹងរុស្ស៊ី ខណៈវិមានក្រឹមឡាំង មិនទាន់បង្ហាញសញ្ញាបន្ធូរបន្ថយនូវសកម្មភាពឈ្លានពានរបស់ខ្លួន មកលើប្រទេសអឺរ៉ុបខាងកើតមួយនេះ។ សហរដ្ឋអាមេរិក នឹងបញ្ជូនដ្រូនបិសាច ជាង១២០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមទៀត។

លោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា ដ្រូន Phoenix Ghost នេះ បានបង្កើតឡើង តាំងពីមុនពេលរុស្ស៊ី បានបើកការវាយលុក ចូលទៅក្នុងប្រទេសអ៊ុយក្រែន មកម៉្លេះ។ បច្ចុប្បន្ន អ៊ុយក្រែន ពិតជាត្រូវការដ្រូនប្រភេទនេះ សម្រាប់យកទៅទប់ទល់នឹងរុស្ស៊ី នៅក្នុងតំបន់ដុនបាស់ (Donbass)។

មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ជំនួយយោធាចុងក្រោយរបស់សហរដ្ឋអាមេរិក សម្រាប់ ជួយដល់អ៊ុយក្រែន រួមមាន៖

១-កាំភ្លើងផ្លោង Howitzer ទំហំ១៥៥មិល្លីម៉ែត្រ ចំនួន៧២គ្រឿង និង គ្រាប់របស់វា ១៤៤ ០០០គ្រាប់

២-យានផ្ទុកកាំភ្លើង Howitzer ទំហំ១៥៥មិល្លីម៉ែត្រ ចំនួន ៧២គ្រឿង

៣-ដ្រូន Phoenix Ghost ចំនួន១២១គ្រឿង

៤-គ្រឿងបន្លាស់យានយន្ដ និង កាំភ្លើងផ្លោង៕