បុរីញូវយ៉ក៖ ប្រមុខអង្គការសហប្រជាជាតិ ហៅកាត់ UN មានគម្រោងនឹងទៅជួបចរចាជាមួយនឹងប្រធានាធិបតីរុស្ស៊ី នៅក្នុងរដ្ឋធានីមូស្គូ ហើយបន្ដដំណើរទៅជួបប្រធានាធិបតីអ៊ុយក្រែន នៅក្នុងរដ្ឋធានីគៀវ នៅចុងខែមេសា ខាងមុខនេះ។

សារព័ត៌មាន The National News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ថា លោក អង់តូនីញ៉ូ ហ្គូទើររ៉ែស ( Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីមូស្គូ ដើម្បីជួបចរចាជាមួយនឹងលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចខិតខំប្រឹងប្រែង សម្រាលទុក្ខលំបាករបស់ជនស៊ីវិល និង បញ្ចប់សង្រ្គាម ដែលកំពុងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់មក ប្រមុខ UN នឹងបន្ដដំណើរ ទៅកាន់រដ្ឋធានីគៀវ ដើម្បីជួបចរចាជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន។

លោកស្រី អេរី កាណេកូ (Eri Kaneko) អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងទទួលរៀបចំនូវការទទួលប្រមុខ UN នៅក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។ លោក ហ្គូទើររ៉ែស ក៏នឹងជួបចរចាជាមួយនឹងលោក ស៊ើរជេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នា ជំរុញឲ្យមានការបញ្ឈប់សង្គ្រាមដ៏ខ្លាំងក្លា នៅក្នុងតំបន់អឺរ៉ុបមួយនេះ។

លោកស្រី អ្នកនាំពាក្យ អង្គការសហប្រជាជាតិរូបនេះ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថា ប្រមុខអង្គការសហប្រជាជាតិ ក៏នឹងពិភាក្សា អំពី«អ្វីដែលជាវិធានកា រអាចត្រូវចាត់ទុក ជាការត្រឹមត្រូវ ក្នុងពេលនេះ សម្រាប់ឈានដល់ការបញ្ឈប់នូវសង្គ្រាម ហើយជួយដល់ប្រជាជន និងអនុញ្ញាតឱ្យពួកគេ ដែលចង់ចេញ ប្រកបដោយសុវត្ថិភាព»។

បើតាមគម្រោងនេះ ប្រមុខអង្គការសហប្រជាជាតិ នឹងបន្ដដំណើរទៅកាន់រដ្ឋធានីគៀវ ដើម្បីជួបពិភាក្សា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូវឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ កំពុងតែផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិបត្ដិ នៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីលោក ពូទីន បានបញ្ជូនទាហាន ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែក មេដឹកនាំរុស្ស៊ី មិនបានទទួលទូរស័ព្ទ ពីលោក ហ្គូទើររ៉ែស (Guterres) ចាប់តាំងពីលោកប្រធានអង្គការសហប្រជាជាតិ បាននិយាយថា ការឈ្លានពាននេះ បានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិ បាន និង កំពុងតែបង្កើនឲ្យមានកិច្ចព្រមព្រៀង ដើម្បីបើកច្រករបៀង ជួយដល់ជនស៊ីវិល ឲ្យចាកចេញពីទីក្រុងរបស់អ៊ុយក្រែន ដែលរងនូវការទម្លាក់គ្រាប់បែក ពីកម្លាំងទ័ពអាកាសរបស់រុស្ស៊ី។ ប៉ុន្ដែកិច្ចខិតខំប្រឹងប្រែងនេះ មានការវិវឌ្ឍន៍ទៅមុខ តិចតួចបំផុត៕