រដ្ឋធានីគៀវ៖ ស្របពេល សង្គ្រាមវាយប្រយុទ្ធគ្នា យ៉ាងស្រួលស្រាល់ អស់រយៈពេលជិត២ខែកន្លងមកហើយ ហើយកំពុងតែបន្ដវាយប្រយុទ្ធយ៉ាងខ្លាំងក្លានោះ ទាំងភាគីរុស្ស៊ី និង អ៊ុយក្រែន បានអះអាងតែរៀងៗខ្លួន អំពីការសម្លាប់លើគូសត្រូវរបស់ពួកគេ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានចេញសេចក្ដីថ្លែងការណ៍ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ថា ចាប់តាំងពីផ្ទុះសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ចន្លោះពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ រុស្ស៊ី បានបាត់បង់កម្លាំងទ័ព ចំនួន២០ ៩០០នាក់។ ក្រៅពីនេះ រុស្ស៊ី ក៏បានបាត់បង់នូវគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន រួមមាន រថក្រោះ ៨១៥គ្រឿង, រថពាសដែក ២ ០៨៧គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ៣៩១គ្រឿង, ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ១៣៦គ្រឿង, ប្រព័ន្ធប្រឆាំងយន្ដហោះចម្បាំង ៦៧គ្រឿង, យន្ដហោះចម្បាំង១៧១គ្រឿង, ឧទ្ធម្ភាគចក្រ ១៥០គ្រឿង, យានយន្ដគ្រប់ប្រភេទ ១ ៥០៤គ្រឿង, នាវា៨គ្រឿង, យានយន្ដដឹកសាំង ៧៦គ្រឿង, ដ្រូន ១៦៥គ្រឿង, ប្រព័ន្ធ SRBM ចល័តចំនួន៤ និង គ្រឿងសឹក ជាច្រើនផ្សេងទៀត។

ដោយឡែក សារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរុស្ស៊ី RT បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមេសា ថា ក្រុងមូស្គូ បានអះអាងថា ក្រុងគៀវ បានបង់កម្លាំងទ័ព ចំនួន ២៣ ៣៦៧នាក់ ដោយរួមបញ្ចូលទាំងកងទ័ព ឆ្មាំជាតិ និង ទាហានស៊ីឈ្នួលបរទេស ផងដែរ។ តួលេខនេះ ត្រូវបានបង្ហាញ ដោយលោកឧត្ដមសេនីយ៍ អ៊ីហ្គ័រ កូណាសែនកូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី។

ទោះជាយ៉ាងណា សេចក្ដីរាយការណ៍ទាំងនេះ នៅមិនទាន់ទទួលបានប្រភពឯករាជ្យណាមួយ បញ្ជាក់ឲ្យកាន់តែច្បាស់ អំពីទំហំ នៃការបាត់បង់កម្លាំងទ័ពយ៉ាងពិតប្រាកដ រវាងភាគីទាំងសងខាងនេះឡើយ។ ដោយឡែក ចំនួនជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នោះ ក៏នៅមិនទាន់ដឹងច្បាស់ដែរ។

ឧត្ដមស្នងការ ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR មានមូលដ្ឋាន នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស បានបញ្ជាក់ កាលពីថ្ងៃពុធ ទី២០ ខែមេសា ថា ប្រជាជនអ៊ុយក្រែន ជាង ៥,០១លាននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសរបស់ពួកគេ ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក៕