រដ្ឋធានីគៀវ៖ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយពេល អស់រយៈពេល៥៧ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បើទោះជាកម្លាំងទាហានរុស្ស៊ី កំពុងតែវាយសង្គ្រប់ ទៅលើទីក្រុងម៉ារីអូប៉ូល (Mariupol) យ៉ាងខ្លាំងក្លាបែបណាក្ដី តែទីក្រុងកំពង់ផែយុទ្ធសាស្រ្ដមួយនេះ នៅតែមិនទាន់បានដួលរលំនៅឡើយ ហើយទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស ក៏បានអះអាង អំពីការតស៊ូ នៅក្នុងទីក្រុង Mariupol បង្ហាញ ពីការបរាជ័យរបស់កម្លាំងទាហានក្រុងមូស្គូ មិនអាចសម្រេចបាន តាមគោលបំណងរបស់ខ្លួនយ៉ាងឆាប់រហ័សនោះទេ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃការស៊ើបការណ៍សម្ងាត់ចុងក្រោយរបស់ខ្លួន ហើយត្រូវបានចុះផ្សាយ នៅលើបណ្ដាញសង្គម Twitter ថា រហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែបន្តប្រឈមមុខនឹងបញ្ហាភូមិសាស្រ្ដ ភស្តុភារ និង បច្ចេកទេស នៅក្នុងអំឡុងពេលវាយលុករបស់ពួកគេ ចូលទៅក្នុងតំបន់ដុនបាស់ (Donbas) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយសារកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយបកតបតវិញ។

បើតាមការធ្វើបច្ចុប្បន្នភាពនេះ រុស្ស៊ី កំពុងតែបាញ់គ្រាប់ផ្លោង និង វាយប្រហារយ៉ាងខ្លាំង ទៅលើតំបន់ Donbas កាន់តែខ្លាំង ដោយសារអ៊ុយក្រែន កំពុងតែរារាំងនូវការប៉ុនប៉ង វាយលុកជាច្រើនដង ពីកងកម្លាំងរុស្ស៊ី។

ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានអះអាងថា «សមត្ថភាពវាយលុករុលចូលទៅមុខរបស់កម្លាំងយោធារុស្ស៊ី បន្តរងផលប៉ះពាល់ ដោយបញ្ហាភូមិសាស្រ្ដ ភស្តុភារ និង បច្ចេកទេស ដែលកំពុងតែប្រឈមមុខ រហូតមកដល់ពេលនេះ ដោយរួមជាមួយនឹងការទប់ទល់របស់កម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលមានទឹកចិត្តប្រយុទ្ធយ៉ាងខ្លាំងក្លា។

បើតាមរបាយការណ៍នោះ បានឲ្យដឹងថា សមត្ថភាពរបស់កម្លាំងទាហានរុស្ស៊ី មិនអាចវាយសង្គ្រប់ ទៅលើការតស៊ូ ពីកម្លាំងការពារអ៊ុយក្រែន នៅទីក្រុងម៉ារីអូប៉ូល (Mariupol) ។ ចំណែកការវាយប្រហារ មិនរើសគោលដៅរបស់កម្លាំងទាហានរុស្ស៊ី បានបង្កគ្រោះថ្នាក់ ដល់ប្រជាជនស៊ីវិល ដែលកំពុងរស់នៅនោះ។ នេះជាសញ្ញាមួយ បង្ហាញពីការបរាជ័យជាបន្តបន្ទាប់របស់រុស្ស៊ី នៅក្នុងការសម្រេចបាននូវគោលបំណងរបស់ខ្លួន ឱ្យបានលឿន តាមតែពួកគេចង់បាន។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថា ទាហានរុស្ស៊ី កំពុងតែប្រមូលផ្ដុំកម្លាំងជាថ្មី ដើម្បីបន្ដវាយលុករបស់ពួកគេ ឆ្ពោះទៅកាន់ទីក្រុងលីម៉ែន (Lyman) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk)។ ជាមួយគ្នានេះដែរ កម្លាំងទាហានឈ្លានពាន កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងជាចម្បងរបស់ពួកគេ នៅក្នុងការដណ្ដើមគ្រប់គ្រងទីក្រុងកំពង់ផែ Mariupol ដោយបន្តវាយលុក ទៅលើតំបន់រោងចក្រអាហ្សូវស្ដាល់(Azovstal)៕