ប្រទេសថៃ៖ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំ និងមានខ្យល់ព្យុះយ៉ាងខ្លាំង នៅក្នុងតំបន់មួយចំនួន ក្នុងប្រទេសថៃ ជាពិសេលក្នុងខេត្ត Tak ជាដើម ដែលបណ្តាលឱ្យមានសត្វជន្លេនជាច្រើនលានក្បាលវាចេញមកពីក្នុងដីជាច្រើនស្ទើរមិនគួរឱ្យជឿ ដែលជាមូលហេតុធ្វើឱ្យប្រជាកសិករមានក្ដីរីករាយជាខ្លាំង ព្រោះតែដំណាំគ្រប់ប្រភេទរបស់ពួកគេកាន់តែរីកដុះដាលបានល្អជាងមុន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

វត្តមានជន្លេនជាច្រើនសន្ធឹកសន្ធាប់បែបនេះបានធ្វើឱ្យប្រជាជនដែលជាកសិករនៅក្នុងខេត្ត Tak នេះមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែពពួកជន្លេនទាំងអស់នេះបានបង្ហាញខ្លួនឡើងមកជាច្រើនលានក្បាលក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីប៉ុន្មានថ្ងៃមុន។ គេជឿថាពួកវាបានផ្លាស់ទីមកកាន់ទីនេះព្រោះតែអាកាសធាតុអំណោយផល ក្នុងនោះវាក៏ជាប្រផ្នូលមួយដែលថាអាចនឹងមានទឹកជំនន់ធំនៅក្នុងតំបន់នេះក្នុងពេលខាងមុខនេះ។ ទន្ទឹមនឹងនោះក៏មានប្រជាកសិករជាច្រើនផ្សេងទៀតពួកគេពិតជាមានក្ដីរីករាយ និងរំភើបជាខ្លាំង ព្រោះកសិករទាំងនោះសង្កេតឃើញថាក្រោយពីសត្វជន្លេនទាំងអស់នេះបានទៅរស់នៅក្រោមដីក្នុងចំការដំណាំរបស់ពួកគាត់រួចមក ចំការដំណាំទាំងអស់ មិនថាដំណាំហូបផ្លែ ឬបន្លែបង្កានោះទេមានសភាពស្រស់បំព្រង រីកលូតលាស់បានលឿន និងផ្ដល់ផលកាន់តែល្អខុសពីធម្មតា ​ដោយសារតែដីមានសភាពធូរ និងមានជីវជាតិខ្លាំងព្រោះតែអាចម៍សត្វជន្លេនទាំងអស់នោះ។

ទន្ទឹមនឹងនេះក៏មានប្រជាកសិករមួយចំនួនដែលមិនស្ថិតនៅក្នុងតំបន់ដែលសម្បូរសត្វជន្លេន ពួកគេបានមកចាប់ និងប្រមូលពួកវាយកទៅប្រលែងក្នុងចំការ ដើម្បីឱ្យដំណាំពួកគាត់កាន់រីកចម្រើន និង ទទួលបានផលកាន់តែល្អជាងមុនផងដែរ៕ ប្រភព៖ Khaosod