រដ្ឋធានីគៀវ៖ សង្គ្រាមវាយប្រហារគ្នា យ៉ាងស្រួចស្រាល់ នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៥៥ថ្ងៃកន្លងមកហើយ គិតត្រឹម ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែបច្ចុប្បន្ន រុស្ស៊ី កំពុងតែបន្ដ វាយសង្គ្រប់យ៉ាងខ្លាំង ទៅលើប្រទេសនេះ បណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស ខូចខាតយ៉ាងដំណំ ហើយសកម្មភាពយោធារបស់ក្រុងមូស្គូ ត្រូវបានរដ្ឋមន្រ្ដីម្នាក់ អះអាងថា ប្រទេសអឺរ៉ុបខាងកើតមួយនេះ បានខូចខាត អស់៣០ភាគរយ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា សេដ្ឋវិទូ លោក អូឡែកសាន់ គូប្រាកូវ (Oleksandr Kubrakov) រដ្ឋមន្រ្ដីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានប្រកាស នៅលើបណ្ដាញសង្គមធ្វីធើរ ថា ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន ប្រហែល៣០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញអស់។ ចំណែកផ្លូវប្រវែង ជាង៨ពាន់គីឡូម៉ែត្រ និង ស្ពាន ចំនួន៣០០ បានរងផលប៉ះពាល់។ ដូច្នេះ អ៊ុយក្រែន ត្រូវការថវិកាប្រហែល ១០០ពាន់លានដុល្លារសសហរដ្ឋអាមេរិក សម្រាប់កសាងប្រទេសនេះឡើងវិញ។

ស្របគ្នានេះដែរ ធនាគារពិភពលោក (The World Bank) កាលពីថ្ងៃចន្ទ ទី១៨ ខែមេសា បានទម្លាក់នូវការព្យាករណ៍របស់ខ្លួន សម្រាប់សេដ្ឋកិច្ចពិភពលោក នាឆ្នាំ២០២២ មកនៅត្រឹម០,៩ភាគរយ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ី ផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមស្ថាប័នហិរញ្ញវត្ថុ Apex បានឲ្យដឹងថា បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ច បានធ្លាក់ចុះ ពី៤,១ភាគរយ មកនៅត្រឹមតែ៣,២។ ជាមួយគ្នានេះដែរ ធនាគារពិភពលោក បានព្យាករថា សង្រ្គាម បង្កឡើង ដោយរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យខូចខាតសេដ្ឋកិច្ច កាន់តែធំ ដល់បណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានសភាពធ្ងន់ធ្ងរ ជាងផលប៉ះពាល់ពីការរាតត្បាត នៃជំងឺកូវីដ-១៩៕