រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោក ចូ បៃដិន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានប្រកាសថា ក្រុងវ៉ាស៊ីនតោន នឹងហាមឃាត់ដល់សហរដ្ឋអាមេរិក បាញ់សាកល្បងមីស៊ីលប្រឆាំងនឹងផ្កាយរណប។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ថា រដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទថា ក្រុងវ៉ាស៊ីនតោន កំពុងតែរារាំងដល់សហរដ្ឋអាមេរិក បាញ់សាកល្បងមីស៊ីល ប្រឆាំងនឹងផ្កាយរណប។ ចំណាត់ការនេះ ត្រូវបានមន្ត្រីសេតវិមាន អះអាង ពីគោលបំណង បញ្ជាក់ អំពីក្តីសង្ឃឹមរបស់ខ្លួន នៅក្នុងការបង្កើតបទដ្ឋានថ្មី សម្រាប់សកម្មភាពយោធា នៅក្នុងលំហអវកាស។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានរិះគន់យ៉ាងខ្លាំង ដល់រុស្ស៊ី និង ចិន ជុំវិញការធ្វើតេស្ដមីស៊ីល ប្រឆាំងនឹងផ្កាយរណប បើទោះជាក្រុងវ៉ាស៊ីនតោន ធ្លាប់ប្រើប្រាស់មីស៊ីលដេញស្ទាក់ចាប់ បាញ់ចេញពីនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក កាលពីជាង១៤ឆ្នាំមុន ដើម្បីបំផ្លាញផ្កាយរណបចារកម្ម ធ្វើដំណើរការខុសប្រក្រតីយ៉ាងណាក៏ដោយ។

ការចេញបម្រាមបែបនេះ ក៏ជាបទបញ្ជាមួយ ត្រូវបានចាត់ទុកជាការបន្ទាន់ ក្រោយពេលរុស្ស៊ី បានបាញ់មីស៊ីល កម្ទេចផ្កាយរណប សល់ពីសម័យអតីតសហភាពសូវៀត លែងឲ្យដំណើរការកើត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា នៅក្នុងមូលដ្ឋានកម្លាំងអវកាសវ៉ាន់ដែនប៊ឺគ (Vandenberg Space Force Base) នៅតាមឆ្នេរសមុទ្រ ភាគកណ្ដាល រដ្ឋកាលីហ្វ័រញ៉ា ដើម្បីគូសបញ្ជាក់ អំពីសកម្មភាពរបស់រដ្ឋការរបស់លោក ចូ បៃដិន ដោយរិះគន់ អំពីសកម្មភាពរបស់រុស្ស៊ី ថា ជាការមិនប្រុងប្រយ័ត្ន។

បើតាមបញ្ជាការដ្ឋានអវកាសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការបាញ់កម្ទេចផ្កាយរណបរបស់រុស្ស៊ី បានបង្កើតឲ្យមានបំណែក នៃកម្ទេចកម្ទីអវកាស ជាង ១ ៥០០បំណែក បង្កើននូវហានិភ័យ ដល់អវកាសយានិកសហរដ្ឋអាមេរិក និង រុស្ស៊ី នៅលើស្ថានីយអវកាសអន្តរជាតិ ហើយស្ថានីយអវកាសទៀងហ្គុង (Tiangong) របស់ចិន។
លោកស្រីអនុប្រធានាធិបតី បានសង្កត់ធ្ងន់ថា «ករណីនេះ បើនិយាយឱ្យសាមញ្ញទៅ ការធ្វើតេស្តបែបនេះ នឹងនាំឲ្យមានគ្រោះថ្នាក់ ហើយយើងនឹងមិនអនុវត្ដបែបនេះឡើយ»។

ការសាកល្បងបាញ់កម្ទេចផ្កាយរណបរបស់រុស្ស៊ី បានកើតឡើង ស្របពេលក្រុងមូស្គូ កំពុងតែកេណ្ឌកម្លាំងទ័ព នៅតាមព្រំដែន មុនការចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអូសបន្លាយ អស់រយៈពេលជាង៧សប្ដាហ៍កន្លងមកហើយ។ សង្គ្រាមនេះ បានធ្វើឲ្យមនុស្ស រាប់ម៉ឺននាក់ បាត់បង់ជីវិត ហើយសកម្មភាពយោធារបស់ក្រុងមូស្គូ បានជំរុញឲ្យសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ដាក់កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ជាបន្ដបន្ទាប់ ប្រឆាំងនឹងរុស្ស៊ី៕