អន្តរជាតិ៖ លោកស្រី Malika Boonmeetrakool Mahasook ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរដល់តារារ៉េបថៃវ័យក្មេង អាយុ១៩ឆ្នាំ ឈ្មោះ Danupa “Milli” Kanateerakul ក្នុងមហោស្រពតន្ត្រី និងសិល្បៈ Coachella Valley Music and Arts Festival ២០២២ កាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅពេលដែលនាងបានបញ្ចប់ការសម្តែងដោយញ៉ាំបង្អែមបាយដំណើបស្វាយទុំនៅលើឆាក ដែលសកម្មភាពនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpos

កាលពីម្សិលមិញ hashtag#MILLLILiveatCoachella បានជាប់នៅលើទំព័រ Twitter របស់ប្រទេសថៃ បន្ទាប់ពីការសម្តែងរបស់តារាស្រីរ៉េបរូបនេះ បង្ហាញពីបង្អែមដ៏ពេញនិយមមួយរបស់ប្រទេសថៃនោះ បាយដំណើបស្វាយទុំ តារារ៉េប Milli បានយកបាយដំណើបមកញ៉ាំនៅលើឆាកពេល​ច្រៀងជិតចប់ ហើយបានសួរទៅកាន់ទស្សនិកជនថា “តើមាននរណាខ្លះចង់ភ្លក់?”។ ក្រោយមកដោយសារឥទ្ធិពលនៃបណ្ដាញសង្គម ការសម្ដែងរបស់នាង បានធ្វើបង្អែមថៃដ៏ល្បីល្បាញមួយមុខនេះលក់ដាច់ស្ទើរតែគ្រប់ហាងក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យ។

ក្រោយពីបង្ហាញសកម្មភាពបែបនេះហើយ ឥឡូវនេះនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងស្នើដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូរបស់ប្រទេសថៃទៀតផង។

យ៉ាងណាមិញ ខណៈពេលដែលប្រជាជនថៃជាច្រើនបានសរសើរការសម្តែងរបស់នាង និងពីរបៀបដែលនាងបានផ្សព្វផ្សាយបង្អែមថៃនៅលើឆាកអន្តរជាតិនោះ អ្នកខ្លះគិតថាវាមិនល្អក្នុងការញ៉ាំក្នុងអំឡុងពេលសម្តែងរបស់នាង។ អ្នក​ខ្លះ​ក៏​បាន​សន្និដ្ឋាន​ថា ស្ទីល​របស់​នាង​អាច​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ម្ហូប​ថៃ ជាជាង​ការ​ផ្សព្វផ្សាយទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ ៕