ប្រទេសថៃ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ តារាចម្រៀងស្រីជនជាតិថៃ Milli បានធ្វើឱ្យមហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងញ៉ាំបាយដំណើបជាមួយស្វាយទុំនៅលើឆាកប្រគុំតន្ត្រីដ៏ធំមួយនៅសហរដ្ឋអារិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

 តារាស្រី Milli ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងបែបនេះបន្ទាប់ពីនាងបានធ្វើដំណើរទៅប្រគុំតន្ត្រីនៅក្នុងកម្មវិធី Coachella Valley Music and Arts Festival ២០២២ នៅសហរដ្ឋអាមេរិកជាលើកដំបូង ​ក្នុងនោះតារាស្រីរូបនេះបានធ្វើឱ្យប្រជាជនថៃមានអារម្មណ៍រំភើបជាខ្លាំងជាមួយនឹងសមត្ថភាពដ៏ជំនាញ និងលើកយកនូវបទចម្រៀងថៃដ៏ពីរោះទៅច្រៀងនៅ លើឆាកអន្តរជាតិផងដែរ។ ​ក្នុងនោះអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ ខណៈពេលកំពុងតែច្រៀងនាងបានយកនូវបង្អែមមួយមុខដែលតំណាងឱ្យប្រទេសថៃ នោះគឺបាយដំណើបស្វាយទុំ ដោយតារាស្រីរូបនេះញ៉ាំបណ្ដើរជាមួយនឹងចង្វាក់ហ៊ីបហប់ នៅលើឆាកដែលកំពុងតែមានអ្នកទស្សនាជាច្រើនលាននាក់ខណៈពេលនោះ។

សកម្មភាពនៃការញ៉ាំបង្អែម នេះបានធ្វើឱ្យប្រជាជនថៃទាំងមូលមានមោទនៈភាពព្រោះតែនាងបានបង្ហាញនូវបង្អែមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងតំណាងឱ្យប្រទេស ដើម្បីបង្ហាញឱ្យជនបរទេសបានស្គាល់ និងមានបំណងចង់មកប្រទេសថៃក្នុងការភ្លក់នូវរសជាតិរបស់វាផងដែរ មិនតែប៉ុណ្ណោះវាក៏បានធ្វើឱ្យពិភពលោកកាន់តែស្គាល់ប្រទេសថៃកាន់តែច្បាស់ផងដែរ៕ប្រភព៖ Kapook