ភ្នំពេញ៖ មហាជនគ្រប់គ្នាប្រហែលជាបានស្គាល់ និងបានស្តាប់រួចមកហើយជានូវបទចម្រៀងមួយបទដ៏ពីរោះដែលទើបតែចេញ MV ថ្មីៗនេះ មានចំណងជើងថា” អ្នកចម្បាំង” ផលិតដោយផលិតកម្ម Ream Production  ដោយរៀបរាប់ពីក្បាច់គុណរបស់ខ្មែរដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននាសម័យបុរាណ។

បទចម្រៀង” អ្នកចម្បាំង”នេះ ច្រៀងរួមគ្នាដោយតារាចម្រៀងលោក  បាលី និង ថម ដែលជាតារាចម្រៀងថ្មីរបស់ផលិតកម្ម Ream Production ។

ជាមួយនឹង MV បទចម្រៀង អ្នកចម្បាំង ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេសនេះដែរ  បានបង្ហាញ ក៏ដូចជារៀបរាប់ពីក្បាច់គុណល្បុក្កតោដែលជាកេរ្តិ៍ដំណែលសម្បត្តិបេតិកភ័ណ្ឌជាតិរបស់ដូនតាខ្មែរយើងបានរក្សាទុកតាំងពីយូរយាណាស់មកហើយសម្រាប់កូនចៅជំនាក់ក្រោយថែរក្សាបន្ត និងចង់បង្ហាញពីការមិនចុះញ៉មជាមួយគូសត្រូវ ព្រមទាំងភាពអង់អាចក្លាហានរបស់អ្នកគុណនិយមនាសម័យបុរាណដ៏រុងរឿងផងដែរ។

យ៉ាងណាមិញទាក់ទងនឹងបច្ចេកទេសថត ក៏ដូចជាការកាត់ត MV បទចម្រៀងមួយបទនេះ គឺពិតជាល្អឥតខ្ចោះជាមួយនឹងការសម្ដែងដ៏ប៉ិនប្រសព្វ និងទេពកោសល្យដ៏រស់រវើក ព្រមជាមួយនឹងការជ្រើសរើសទីតាំងថតយ៉ាងស័ក្តិសមជាមួយនឹងបទចម្រៀងដ៏មានអត្ថន័យមួយបទនេះផងដែរ ។

គួរឱ្យដឹងថា MV បទចម្រៀង អ្នកចម្បាំង កំពុង ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជាទទួលបានការសកោតសរសើរយ៉ាងខ្លាំងពីសំណាក់តារាយូធូបក្រៅប្រទេសផងដែរ ដូចជាជនជាតិថៃជាដើម ៕

រូបភាព: Ream Production