អន្តរជាតិ៖ ប្រទេសស្រីលង្កាត្រូវការជំនួយខាងក្រៅប្រហែល ៣ប៊ីលានដុល្លារ ក្នុងរយៈពេលប្រាំមួយខែខាងមុខ ក្នុងគោលបំណងជួយស្ដារការផ្គត់ផ្គង់ទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ និងថ្នាំសង្កូវជាដើម ដើម្បីគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thehindu បានឲ្យដឹងថា ប្រទេសដីកោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះបានរងគ្រោះដោយសារការដាច់ចរន្តអគ្គិសនី និងការខ្វះខាតការផ្គត់ផ្គង់ដែអូសបន្លាយពេលយូរ ដែលបានបណ្តាលឱ្យក្រុមបាតុករមានការខឹងសម្បារចេញទៅកាន់តាមដងផ្លូវ និងដាក់សម្ពាធឱ្យប្រធានាធិបតី Gotabaya Rajapaksa ចាកចេញពីតំណែង។

លោក Ali Sabry រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីចូលកាន់តំណែងក្នុងសប្តាហ៍នេះដោយសំដៅលើការស្វែងរកហិរញ្ញប្បទានស្ពានចំនួន ៣ប៊ីលានដុល្លារ ខណៈដែលប្រទេសនេះបានត្រៀមខ្លួនសម្រាប់ការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងខែនេះផងដែរ។

ប្រទេសកោះអាស៊ីខាងត្បូង នឹងសម្លឹងឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធមូលបត្របំណុលរដ្ឋអន្តរជាតិឡើងវិញ និងស្វែងរកការផ្អាកលើការទូទាត់សងបំណុល ហើយប្រទេសនេះមានទំនុកចិត្តថា ខ្លួនអាចចរចាជាមួយម្ចាស់បំណុលបានលើការបង់សងបំណុលចំនួន ១ ប៊ីលានដុល្លារអាមេរិកដែលនឹងត្រូវដល់កំណត់សងក្នុងខែកក្កដាឆ្នាំនេះ។

លោក Sabry មានប្រសាសណ៍ថា៖ «ការខិតខំទាំងស្រុងគឺមិនចង់ឱ្យកើតមានការបរាជ័យសងបំណុលដែលមានផលប៉ះពាល់ខ្លាំង (hard default)។ យើងយល់ពីផលវិបាកនៃការបរាជ័យសងបំណុលដែលមានផលប៉ះពាល់ខ្លាំងនេះ»។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន JP Morgan បានប៉ាន់ប្រមាណកាលពីសប្តាហ៍មុនថា សេវាបំណុលសរុបរបស់ប្រទេសស្រីលង្កានឹងមានចំនួន ៧ប៊ីលានដុល្លារនៅឆ្នាំនេះ និងមានឱនភាពគណនីចរន្តប្រហែល ៣ប៊ីលានដុល្លារ។

ទិន្នន័យធនាគារកណ្តាលស្រីលង្ការបានបង្ហាញ ស្រីលង្កាមានមូលបត្របំណុលរដ្ឋអន្តរជាតិសរុបចំនួន ១២,៥៥ប៊ីលានដុល្លារអាមេរិក និងមានប្រាក់បម្រុងរូបិយប័ណ្ណអន្តរជាតិចំនួន ១,៩៣ប៊ីលានដុល្លារនៅដំណាច់ខែមីនា។

លោក Sabry បានថ្លែងថា៖ «អាទិភាពទីមួយគឺត្រូវមើលឃើញថា យើងត្រលប់ទៅកាន់បណ្តាញផ្គត់ផ្គង់ធម្មតាវិញទាក់ទងនឹងប្រេងឥន្ធនៈ ឧស្ម័ន ថ្នាំសង្កូវ … និងអគ្គិសនី ដូច្នេះ ការងើបឡើងតវ៉ារបស់ប្រជាជនអាចត្រូវបានដោះស្រាយ»។

លោក Sabry បានបន្ថែមថា លោកនឹងដឹកនាំគណៈប្រតិភូរបស់មន្ត្រីស្រីលង្កាទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយមូលនិធិ IMF នៅថ្ងៃទី១៨ ខែមេសា និងថា ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងច្បាប់នឹងត្រូវបានជ្រើសរើសក្នុងរយៈពេល២១ ថ្ងៃដើម្បីជួយរដ្ឋាភិបាលឱ្យរៀបចំរចនាសម្ព័ន្ធបំណុលអន្តរជាតិរបស់ខ្លួនឡើងវិញ ៕