រាជធានីភ្នំពេញ ៖ ខេត្តទាំង៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ រាជរដ្ឋាភិបាល ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់។
តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្ដេចនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប សម្ដេចធ្លាប់ឡើងអំពីការប៉ុនប៉ងសាកល្បង បញ្ឈប់កាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តខ្លះ ហើយនៅថ្ងៃនេះ បន្ទាប់ពីបានពិភាក្សាពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្រីក្រសួងសុខាភិបាល, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត គឺសម្ដេចក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចថា ដាក់ខេត្តចំនួន ៤ រួមមាន៖ រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, និងព្រះវិហារ ជាខេត្តដែលទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បានសេចក្ដីថា ខេត្តទាំង ៤នេះ មិនតម្រូវថា ត្រូវតែពាក់ម៉ាសនោះទេ ប៉ុន្តែយើងទុកលទ្ធភាពជូនប្រជាជនរបស់យើង សម្រេចចិត្តដោយខ្លួនឯងថាតើ គួរពាក់ម៉ាស ឬមិនគួរពាក់ នៅក្នុងខេត្តទាំង ៤នេះ។ ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤នេះ យកការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនបង្ខំឲ្យពាក់ម៉ាស ឬក៏ពាក់ម៉ាសនោះទេ ដោយទុកឲ្យបុគ្គលម្នាក់ៗជាអ្នកជ្រើសរើសដោយខ្លួនឯង»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋមកពីខេត្តដទៃ ហើយចូលទៅខេត្តទាំង៤ខាងលើនេះ ក៏មិនតម្រូវថា ត្រូវតែពាក់ម៉ាស ឬមិនពាក់ម៉ាសនោះដែរ។ ប៉ុន្តែនៅចេញដែលចេញផុតពីខេត្តទាំង៤នោះ ហើយចូលដល់ខេត្តដទៃទៀត ចាំបាច់ត្រូវតែពាក់ម៉ាស៕