ប្រទេសថៃ៖ ស្ត្រីជនជាតិថៃម្នាក់មានស្វាមីជាជនបរទេស រៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកស្វាមីនាងដឹងខ្លួនច្បាស់ថាមាននិស្ស័យចង់កែប្រែភេទក៏ដូចជារូបរាងជាមនុស្សស្រី រួចគេក៏បានសម្រេចបំណងប្រាថ្នាខ្លួនដោយជោគជ័យ ខណៈចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរនៅតែរក្សាដដែល ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

រឿងរ៉ាវគូស្នេហ៍ប្ដីប្រពន្ធមួយគូនេះពិតជាបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ និងស្ងប់ស្ងែងជាខ្លាំងចំពោះអ្នកនារីដែលជាប្រពន្ធឈ្មោះថា Malindabuss  ក៏ព្រោះតែនាងបានចាប់ដៃគ្នារៀបការ និងរួមរស់ជាមួយស្វាមីអស់រយៈពេល៧ឆ្នាំមកហើយ ស្រាប់តែបុរសជាប្ដីបានសម្រេចចិត្តកែភេទ និងអត្តចរិកក្លាយជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ បន្ទាប់ពីដឹងខ្លួនឯងថាមាននិស្ស័យជាមនុស្សស្រីក្រោយ ពីរៀបការហើយ។ ក្នុងនោះនារីដែលជាប្រពន្ធបើទោះបីជាប្ដីបានកែប្រែខ្លួនទៅជាមនុស្សស្រីពេញលក្ខណៈយ៉ាងណាក៏ដោយនាងនៅតែមានក្ដីស្រឡាញ់ចំពោះប្ដីដដែល ដោយបច្ចុប្បន្នអ្នកទាំងពីបានរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធក្នុងផ្ទះតែមួយដូចដើម ព្រោះតែជម្រៅនៃក្ដីស្រឡាញ់ដែលធ្លាប់មានអស់រយៈពេល៧ឆ្នាំកន្លងមក។ មិនតែប៉ុណ្ណោះពេលខ្លះ Malindabuss ថែមទាំងចង់បានស្វាមីរបស់ខ្លួនកាលពីមុនត្រឡប់មកវិញ ប៉ុន្តែវាមិនអាចទៅរួចនោះទេ ពីដំបូងពិតណាស់គឺឈឺចាប់តែក្រោយមក មានតែទទួលយកការពិត និងទទួលយកនូវអ្វីដែលជាខ្លួនរបស់គេ ត្រឹមរស់នៅជាមួយគ្នា ឃើញមុខគ្នាជារៀងរាល់បែបនេះក៏មានក្ដីសុខក្នុងចិត្តដែរ។

បន្ទាប់ពីបានដឹងពីរឿងរ៉ាវប្ដីប្រពន្ធអ្នកទាំងពីររួចមកក៏បានធ្វើឱ្យមហាជនជាច្រើនបានលើកទឹកចិត្តព្រមទាំងសរសើរទៅកាន់ទឹកចិត្តរបស់ប្រពន្ធម្នាក់នេះដែលអាចទ្រាំជាមួយរឿងរ៉ាងដ៏គួរឱ្យហួសចិត្ត និងស្ទើរតែគ្នាននារីណាអាចធ្វើបាន៕ ប្រភព៖ Kapook