យល់ដឹង៖ នៅក្នុងខែតុលា ជារៀងរាល់ឆ្នាំ គឺជាយុទ្ធនាការប្រឆាំងនឹងជំងឺមហារីកសុដន់ដែលត្រូវបានគេចាត់ទុកថាជាជំងឺមហារីកដ៏សាហាវបំផុតលេខ ១ ចំពោះស្ត្រីនៅទូទាំងពិភពលោក បណ្តាលមកពីការផ្លាស់ប្តូរការលូតលាស់មិនធម្មតានៃកោសិកានៃជាលិកាសុដន់ ហើយរាងកាយមិនអាចគ្រប់គ្រងការលូតលាស់មិនធម្មតានោះបាន រហូតធ្វើឱ្យកោសិកាទាំងនោះក្លាយជាកោសិកាមហារីក និងលូតលាស់យ៉ាងឆាប់រហ័ស។

តាមទិន្នន័យស្ថិតិកន្លងមកគេបានរកឃើញថា ចំនួនករណីមហារីកសុដន់កំពុងកើនឡើងជុំវិញពិភពលោក ទោះបីជាមានយុទ្ធនាការបន្តដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ច្រើនយ៉ាងណាក៏ដោយ ក៏ចំនួនករណីនៅតែបន្តកើនឡើង ដោយសារតែខ្វះចំណេះដឹងអំពីវិធីបង្ការដែលនឹងជួយកាត់បន្ថយអត្រានៃជំងឺនេះ។

ហេតុអ្វីបានជាមហារីកសុដន់ជាមហារីកលេខ១លើស្ត្រីទូទាំងពិភពលោក?

មហារីកសុដន់ជាមហារីកលេខមួយដែលសម្លាប់ស្ត្រីនៅសហរដ្ឋអាមេរិកច្រើនជាងគេ ហើយវាជាមហារីកដ៏កាចសាហាវមួយ នឹងមានចំនួនកើនឡើងជាលំដាប់នាពេលអនាគត។

ក្នុងនោះមូលហេតុពិតប្រាកដនៃជំងឺមហារីកសុដន់ចំពោះស្ត្រីអ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេបានបញ្ជាក់ថាមានកត្តាគាំទ្រមួយដ៏សំខាន់ក្នុងការធ្វើឱ្យជំងឺមួយនេះកើតឡើង គឺអ័រម៉ូន Estrogen ដែលជាអ័រម៉ូនមួយប្រភេទក្នុងខ្លួនស្ត្រី ហើយវាមាននាទីជំរុញដល់ការបំប្លែងកោសិកា នៃជាលិកាសុដន់របស់ស្ត្រី រហូតដល់វាលូតលាស់ខុសប្រក្រតី ហើយបើរាងកាយយើងមិនអាចគ្រប់គ្រងការលូតលាស់ខុសប្រក្រតីនេះបានទេ វានឹងធ្វើឱ្យកោសិកាទាំងនោះទៅជាកោសិកាមហារីកហើយលូតលាស់យ៉ាងឆាប់រហ័ស និងអាចរាលដាលដល់សេរីរាង្គផ្សេងទៀត។

ក្រុមហានិភ័យនៃជំងឺមហារីកសុដន់ 

អាយុជាមធ្យមនៃអ្នកជំងឺដែលមានជំងឺមហារីកសុដន់គឺចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ តាមពិតទៅនេះគ្រាន់តែជាអាយុនៃការចេញនូវរោគសញ្ញាឱ្យបានឃើញតែប៉ុណ្ណោះ ដោយសារតែគេសិក្សាឃើញថាកោសិកាមហារីកប្រហែលជាបានបង្កើតឡើងមុនអាយុដែលបានកំណត់ខាងលើ ដោយសារតែមហារីកសុដន់មានការលូតលាស់យឺត វាត្រូវចំណាយពេល ៩០-១៨០ ថ្ងៃដើម្បីលូតលាស់ពី ១ សង់ទីម៉ែត្រទៅ ២ សង់ទីម៉ែត្រ ទើបធ្វើឱ្យជាកត្តាក្នុងការព្យាបាលទាន់ពេលវេលាផងដែរ។

ក្នុងនោះក្រុមដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់គឺ៖ មនុស្សដែលមានសាច់ញាតិជិតស្និទ្ធជាមួយគ្នា ដែលមានជំងឺមហារីកសុដន់ ដូចជាម្តាយ បងស្រី ឬប្អូនស្រីរបស់ពួកគេ បើមាននរណាកើតហើយនោះ គឺពិតណាស់ក្រុមនេះនឹងមានហានិភ័យខ្ពស់រហូតដល់ទៅ១០ដង ដូច្នេះត្រូវពិនិត្យមើលភាពមិនប្រក្រតីដោយខ្លួនឯងឱ្យទាន់ពេល រួមទាំងការពិនិត្យពីក្រុមគ្រូពេទ្រជំនាញផងដែរ៕ ប្រភព៖ Sanook