យល់ដឹង៖ តើអ្នកណាខ្លះដែលតែងតែចាប់យកសៀវភៅមកអានហើយស្រាប់តែទើបបានអានពីរ ឬបីបន្ទាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាងងុយគេងជាខ្លាំង នេះគឺជាអាការៈចេញមកសម្រាប់មនុស្សស្ទើរតែគ្រប់គ្នាទៅហើយ ចុះតើអ្នកមានឆ្ងល់ទេថាតើនេះបណ្ដាលមពីបញ្ហាអ្វីឱ្យពិតប្រាកដ?

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីមូលហេតុចម្បងមួយចំនួនទាក់ទងនឹងការងងុយគេងកំលុងពេលអានសៀវភៅ៖

ហេតុអ្វីបានជា “អានសៀវភៅ” ហើយ “ងងុយគេង”?                                                                         

១.ដល់ពេលងងុយគេងហើយ

មូលហេតុដំបូងគឺ ដល់ពេលងងុយគេងហើយ ពេលខ្លះយើងសម្រាកមិនបានគ្រប់គ្រាន់ ឬក៏ដល់ម៉ោងណាមួយដែលជាទម្លាប់អ្នកចូលគេង ទើបធ្វើឱ្យយើងងងុយគេង ប៉ុន្តែយើងនៅតែបង្ខំខ្លួនឯងបន្តអានសៀវភៅ ព្រោះតែមូលហេតុណាមួយដូចជា ថ្ងៃស្អែកអ្នកត្រូវប្រឡង ឬធ្វើកិច្ចការណាមួយជាបន្ទាន់។

២. មាតិកាដែលមិនគួរឱ្យចាប់អារម្មណ៍

អត្ថន័យក្នុងអត្ថបទហាក់ដូចជាមើលមិនសូវយល់ មិនគួរឱ្យចាប់អារម្មណ៍ ឬមិនទាក់ចិត្ត ដូច្នេះពេលដែលអ្នកអានវា អាចនឹងធ្វើឱ្យយើងមានអារម្មណ៍ធុញទ្រាន់ មានភាពអផ្សុក ធ្វើឱ្យខួរក្បាលមិនសូវមានកម្លាំង រហូតធ្វើឱ្យអ្នកងងុយគេង។

៣. ភ្នែកធ្វើការខ្លាំង

ភ្នែកត្រូវផ្លាស់ទីនិងរំកិលទៅតាមតួអក្សរ ដែលអ្នកកំពុងអាន ដោយភ្នែកធ្វើការ ជាមួយនឹងខួរក្បាលដើម្បីបកស្រាយនូវដំណើរការអ្វីដែលបានអាន ពេលមុខងារទាំងពីរខំប្រឹងធ្វើការ វានឹងធ្វើឱ្យអស់កម្លាំងហើយអ្នកនឹងចង់សម្រាក។

៤. ពេលអានតែងតែស្ថិតក្នុងទីតាំងស្រួល

នៅពេលដែលយើងច​ង់អានសៀវភៅ យើងមានទំនោរទៅរកកន្លែងដែលមានផាសុកភាព ដូចជានៅលើគ្រែ លើសាឡុងដែលយើងចូលចិត្ត តែនៅពេលដែលរាងកាយចូលទៅក្នុងស្ថានភាពនៃការសម្រាកស្ថិតក្នុងទីតាំងសុខស្រួល សាច់ដុំរបស់អ្នកនឹងចាប់ផ្តើមសម្រាកទៅតាមនោះដែរ ហើយអ្នកនឹងមានអារម្មណ៍ថាងងុយគេងជាខ្លាំង។

បន្ទាប់ពីអ្នកបានដឹងពីមូលហេតុដែលធ្វើឱ្យអ្នកតែងងងុយគេងពេលអានសៀវភៅរួចហើយនោះ សង្ឃឹមថាអ្នកនឹងលែងមានចម្ងល់តទៅទៀត តែក៏ចង់បង្ហាញអ្នកទាំងអស់គ្នាផងដែរថាធ្វើដូចម្ដេចដើម្បីកុំឱ្យងងុយគេងពេលអានសៀវភៅដូចខាងក្រោម៖

ធ្វើដូចម្ដេចដើម្បីឱ្យពេលអានហើយមិនងងុយ ?

អានសៀវភៅបន្ទាប់ពីសម្រាកពេញលេញ អានឱ្យឮខ្លាំងជាមួយកន្លែងស្ងប់ស្ងាត់ផងដែរ អាននៅកន្លែងដែលមានពន្លឺល្អ ហើយគួរតែអង្គុយអាននៅលើកៅអី ផឹកទឹកពេលកំពុងអាន និងសម្រាកខ្លះៗ កំលុងពេលអានសៀវភៅ វិធីសាស្រ្តទាំងនេះអាចជួយអ្នកឱ្យអានហើយមិនងងុយគេងបាន៕ ប្រភព៖ Sanook